រថយន្ត​ស៊េរី​ទំនើប​ភាគច្រើន តែង​និយម​ប្រើ​នូវ​បច្ចេកវិទ្យា Smart Key ជាមួយ​នឹង ប៊ូតុង​បញ្ឆេះ និង​ពន្លត់​ម៉ាស៊ីន (Start/Stop Button)។ ផ្ទុយទៅវិញ នៅ​ពេល​ដែល Smart Key របស់​អ្នក​អស់​ថ្ម មិន​ដំណើរការ ពេល​នោះ​អ្នក​នឹង​មិន​អាច​បើក​សោ​រថយន្ត និង​ចូល​ទៅ​ខាង​ក្នុង ដើម្បី​បញ្ឆេះ​ម៉ាស៊ីន​បាន​ឡើយ។

ប្រសិន​បើ​អ្នក​មិន​ដឹង​ពី​វិធីសាស្រ្ត នោះ​អ្នក​ប្រាកដ​ជា​ហៅ​ជាង​មក​ជួសជុល​ដល់​កន្លែង , សណ្តោង ឬ ដឹក​យក​ទៅ​ជួសជុល​នៅ​ហ្គារាស ដែល​នឹង​ត្រូវ​ចំណាយ​ថិវកា​ច្រើន។ ក្រៅ​ពី​ជម្រើស​ទាំង​នោះ អ្នក​រឹតតែ​មិន​អាច​យក​រថយន្ត​ទៅ​ហ្គារាស ដើម្បី​ឲ្យ​អ្នក​ជំនាញ​ត្រួតពិនិត្យ និង​ជួសជុល​បាន​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចំពោះ​អ្នក​ប្រើប្រាស់​រថយន្ត​ម៉ាក Toyota វា​នៅ​មាន​វិធីសាស្រ្ត​មួយ ដែល​អាច​ជួយ​ដោះស្រាយ​អ្នក​បាន​មួយ​គ្រា ដើម្បី​កុំ​ឲ្យ​ចំណាយ​លុយ​ច្រើន។

ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ដើម្បី​ដោះស្រាយ៖

  • ដំបូង​ឡើយ អ្នក​ត្រូវ​ដក​កូន​សោ​ចេញ​ពី Smart Key របស់​អ្នក រួច​ចាក់​សោ​ដើម្បី​បើក​ទ្វា​រថយន្ត។

  • នៅ​ពេល​អ្នក​បើក​ទ្វា​រថយន្ត​បាន​ហើយ និង​ចូល​ដល់​ខាង​ក្នុង អ្នក​ក៏​នៅ​តែ​មិន​អាច​បញ្ឆេះ​រថយន្ត​បាន​ដែរ។ នៅ​ពេល​អ្នក​ជាន់​ហ្វ្រាំង និង​ចុច​ប៊ូតុង​បញ្ឆេះ​ម៉ាស៊ីន វា​នឹង​លោត​សារ​មួយ​ថា “No key has found” ឬ “Smart key not found” ជា​ដើម។
  • ជំហ៊ាន​បន្ទាប់​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ​គឺ គ្រាន់​តែ​យក Smart Key ទៅ​ដាក់​ផ្អឹប​ជាប់​ជាមួយ​នឹង​ប៊ូតុង​បញ្ឆេះ​ម៉ាស៊ីន (ប្រហែល ២-៣ វិនាទី) រហូត​ទាល់​តែ​ឮ​សំឡេង​មួយ (Beep)។ នៅ​ពេល​នោះ អ្នក​នឹង​ឃើញ​ភ្លើង​ត្រង់​ប៊ូតុង​បញ្ឆេះ​ម៉ាស៊ីន​ភ្លឺ​ឡើង។

  • ចុង​ក្រោយ​បង្អស់ អ្នក​គ្រាន់​តែ​ជាន់​ហ្វ្រាំង រួច​ចុច​ប៊ូតុង​បញ្ឆេះ​ម៉ាស៊ីន​ដូច​ធម្មតា វា​នឹង​ដំណើរការ។

បញ្ជាក់៖ នៅ​ពេល​ដែល​អ្នក​អាច​ដំណើរការ​រថយន្ត​បាន​ហើយ អ្នក​គួរ​តែ​បើក​ទៅ​រក​ហ្គារាស​ដែល​នៅ​ជិត​លោក​អ្នក ដើម្បី​​ឲ្យ​អ្នក​ជំនាញ​ត្រួត​ពិនិត្យ និង ប្តូរ​ថ្ម Smart Key ចេញ។

សូម​បញ្ជាក់​ថា រថយន្ត​ម៉ាក Toyota ដែល​មាន​បច្ចេកវិទ្យា Smart Key ជាមួយ​នឹង ប៊ូតុង​បញ្ឆេះ និង​ពន្លត់​ម៉ាស៊ីន (Start/Stop Button) ចាប់​ពី​ស៊េរី​ឆ្នាំ ២០០៧ ឡើង ទើប​អាច​អនុវត្ត​វិធីសាស្រ្ត​នេះ​ឲ្យ​ដំណើរការ​បាន។

ជា​មួយ​គ្នា​នេះ​ផង​ដែរ វា​អាច​ដំណើរការ​ជាមួយ​រថយន្ត Toyota ដូច​ជា ម៉ូដែល Rav4 / Camry / Avalon / Sienna / Tacoma / Tundra / Highlander / Venza / 4Runner / Sequioa / Land cruiser / FJ Cruiser / Prius និង Corolla ចាប់​ពី​ឆ្នាំ ២០០៧ ដល់ ២០១៤ ជា​ដើម ខណៈ​ម៉ូដែល​ថ្មី​មួយ​ចំនួន​ទៀត ក៏​នឹង​អាច​ដំណើរការ​ដែរ៕

ខាង​ក្រោម​នេះ​គឺ​ជា​វីដេអូ​អនុវត្ត​វិធីសាស្រ្ត​ខាង​លើ ជាមួយ​នឹង​រថយន្ត Toyota Camry ស៊េរី​ឆ្នាំ ២០១១៖

ប្រភព ៖ YouTube

Loading...

បញ្ចេញមតិ

comments