នា​ពេល​ថ្មីៗ​នេះ រថយន្ត​ស្ព័រ​អ៊ីតាលី Ferrari Portofino ត្រូវ​បាន​ដាក់​លក់​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​ថៃ តាមរយៈ​ក្រុមហ៊ុន​មួយ​មាន​ឈ្មោះ​ថា Cavallino Motors។

រថយន្ត Ferrari Portofino

រថយន្ត Ferrari ម៉ូដែល Portofino នេះ ត្រូវ​បាន​ផលិត​ដើម្បី​ជំនួស​ឲ្យ​ម៉ូដែល California T ដែល​វា​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង នៅ​ឯ​កម្មវិធី​តាំងពិពណ៌​រថយន្ត Frankfurt Motor Show ឆ្នាំ​២០១៧ នៅ​ឯ​ទីក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់។ វា​មាន​រូបរាង​កាន់​តែ​ស្អាត និង​ទាក់ទាញ​ជាង​ម៉ូដែល California T ទៅ​ទៀត ជាមួយ​នឹង​ការ​រចនា​ថ្មី ដែល​មើល​ទៅ​ពិត​ជា​ប្លែក​តែ​ម្តង។

រថយន្ត Ferrari Portofino

Portofino បាន​បំពាក់​ម៉ាស៊ីន​ចំណុះ ៣,៩ លីត្រ Twin-turbocharged ទំហំ ៨ ស៊ីឡាំង ដែល​អាច​បង្កើត​កម្លាំង​បាន​រហូត​ដល់​ទៅ ៦០០ សេះ ហើយ​មាន​សន្ទុះ​ល្បឿន​ពី ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​រយៈពេល​ត្រឹមតែ ៣,៥ វិនាទី​ប៉ុណ្ណោះ ពោល​គឺ​ខ្លាំង និង​លឿន​ជាង​ ម៉ូដែល California T ដែល​បំពាក់​ម៉ាស៊ីន​ចំណុះ ៣,៩ លីត្រ Turbocharged ទំហំ ៨ ស៊ីឡាំង មាន​កម្លាំង​តែ ៥៥៣ សេះ និង​អាច​ស្ទុះ​ពី​ល្បឿន ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល ៣,៦ វិនាទី។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន Cavallino Motors បាន​ដាក់​លក់​រថយន្តស្ព័រ Ferrari Portofino នេះ​ក្នុង​តម្លៃ​រហូត​ដល់​ទៅ ២០,៩ លាន​បាត ដែល​ស្មើ​នឹង ៦៥២ ០០០ ដុល្លារ​អាមេរិក៕

ប្រភព ៖ bangkokpost

បញ្ចេញមតិ

comments