ក្រុមហ៊ុន Mazda បាន​ប្រកាស​អំពី​លក្ខណៈ​ពិសេស និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​សម្រាប់​រថយន្ត​ស្ព័រ ម៉ូដែល MX-5 Miata មុន​ពេល​ដាក់​បង្ហាញ​ជា​ផ្លូវការ នា​ថ្ងៃ​ទី ២៦ ខែ កក្កដា ឆ្នាំ ២០១៨ នៅ​ក្នុង​ប្រទេស​ជប៉ុន។

Mazda MX-5 Miata ស៊េរី​ឆ្នាំ ២០១៩ នេះ​បាន​បំពាក់​ម៉ាស៊ីន​សាំង​ចំណុះ ២,០ លីត្រ ប្រភេទ SKYACTIV-G Engine ទំហំ ៤ ស៊ីឡាំង បង្កើត​កម្លាំង​បាន ១៨១ សេះ។ តួ​លេខ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ស៊េរី​ឆ្នាំ ២០១៩ ខ្លាំង​ជាង​ស៊េរី​ឆ្នាំ ២០១៨ ដែល​មាន​កម្លាំង​ត្រឹមតែ ១៥៥ សេះ​ប៉ុណ្ណោះ។

ក្រៅ​ពី​មាន​កម្លាំង​ខ្លាំង​ជាង​មុន រថយន្ត​ស្ព័រ​ជប៉ុន​រាង​តូច​ច្រឡឹង​នេះ ថែម​ទាំង​ស៊ីសាំង​តិច​ជាង​មុន​ទៀត​ផង។ អតិថិជន​អាច​ទទួល​បាន​ជម្រើស​ដូច​ជា ដំបូល​បើក​ពណ៌​ត្នោត , កៅអី​ស្បែក , យ៉ាន់​អាលុយមីញ៉ូម​ទំហំ ១៦ អ៊ីញ ជា​ដើម។ ក្រៅ​ពី​ការ​ផ្លាស់ប្តូរ​តិច​តួច វា​បាន​បន្ថែម​មុខងារ​សុវត្ថិភាព​ស្តង់ដារ​តែម្តង សម្រាប់​លក់​នៅ​ជប៉ុន ដូចជា Advanced Smart City Brake Support និង Lane Departure Warning System ផងដែរ។

សូម​បញ្ជាក់​ថា រថយន្ត Mazda MX-5 Miata ស៊េរី​ថ្មី​នេះ នឹង​ត្រូវ​ដាក់​លក់​នា​ខែ​ក្រោយ​នៅ​ក្នុង​ប្រទេស​ជប៉ុន ដោយ​តម្លៃ​របស់​វា​គឺ​ចាប់​ពី ២ ៥៥៤ ២០០ យ៉េន ឬ​ស្មើ​នឹង ២៣ ២០០ ដុល្លារ​អាមេរិក និង ៣ ៨១២ ៤០០ យ៉េន ឬ​ស្មើ​នឹង ៣៤ ៦០០ ដុល្លារ​អាមេរិក សម្រាប់​ម៉ូដែល MX-5 Miata RF៕

ប្រភព ៖ carscoops

បញ្ចេញមតិ

comments