ក្រុមហ៊ុន Mercedes ទើប​តែ​បាន​បញ្ចេញ​ម៉ូដែល SLC 300 ដែល​ទទួល​បាន​ការ​ធ្វើ​កំណែ និង​បន្ថែម​ចំណុច​ពិសេសៗ​មួយ​ចំនួន ដូចជា ប្រព័ន្ធ​ភ្លើង Ambient Lighting នៅ​ក្នុង​រថយន្ត , Blind Spot Assist និង ប្រព័ន្ធ​សំឡេង Harman/Kardon LOGIC7 ជា​ដើម។

Mercedes SLC 300 ស៊េរី​ឆ្នាំ ២០១៩ បាន​បំពាក់​ម៉ាស៊ីន​ចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង បង្កើត​កម្លាំង​បាន ២៤១ សេះ និង​ប្រើ​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៩ វគ្គ។ រថយន្ត​នេះ​អាច​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹមតែ ៥,៨ វិនាទី​ប៉ុណ្ណោះ។

ជាមួយ​គ្នា​នេះ ម៉ូដែល SLC ក៏​មាន​ជា​ប្រភេទ AMG ផង​ដែរ គឺ Mercedes-AMG SLC 43 ដែល​បាន​បំពាក់​ម៉ាស៊ីន​កម្លាំង​ខ្លាំង​ជាង​មុន ពោល​គឺ ៣៨៥ សេះ អាច​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹមតែ ៤,៦ វិនាទី ខណៈ​ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​ពី​តួ​លេខ​ផ្សេង​ទៀត​ឡើយ។ ប៉ុន្តែ​រថយន្ត Mercedes-AMG SLC 43 ស៊េរី​ឆ្នាំ ២០១៨ (ម៉ូដែល​មុន) បាន​បំពាក់​ម៉ាស៊ីន​ចំណុះ ៣,០ លីត្រ Twin-turbo ទំហំ ៦ ស៊ីឡាំង បង្កើត​កម្លាំង​បាន​ត្រឹមតែ ៣៦២ សេះ​ប៉ុណ្ណោះ។

ក្រៅ​ពី​ការ​ធ្វើ​កំណែ​ម៉ាស៊ីន ប្រភេទ AMG នេះ បាន​បន្ថែម​លក្ខណៈ​មួយ​ចំនួន​ទៀត ដូចជា ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់ Dual-Zone , ចង្កៀង​ប្រភេទ LED ជាមួយ​មុខងារ Automatic High Beam Assist ហើយ​ថែម​ទាំង​មាន​ជម្រើស​ពណ៌​ប្រផេះ (Graphite Grey) ថ្មី ទៀត​ផង៕

ប្រភព ៖ carscoops

បញ្ចេញមតិ

comments