រយៈ​ពេល​ជិត ២ ឆ្នាំ​ហើយ​ដែល​រថយន្ត Land Rover Discovery ជំនាន់​ទី ៥ បាន​បង្ហាញ​ខ្លួន ខណៈ​រថយន្ត SUV របស់​ចក្រភព​អង់គ្លេស​នេះ បាន​ទទួល​កំណែប្រែ​មួយ​ចំនួន​គួរ​ឲ្យ​ចាប់អារម្មណ៍។

អ្វី​ដែល​ពិសេស​បំផុត​នោះ​គឺ ការ​បន្ថែម​ជម្រើស​ម៉ាស៊ីន​ម៉ាសូត​ចំណុះ ៣,០ លីត្រ ប្រភេទ Twin-turbocharged ទំហំ ៦ ស៊ីឡាំង បង្កើត​កម្លាំង​បាន ៣០២។ Discovery មាន​ចំនួន ៣ ប្រភេទ គឺ SE, HSE និង HSE Luxury ដោយ​វា​អាច​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹមតែ ៧ វិនាទី​ប៉ុណ្ណោះ ហើយ​មាន​ល្បឿន​អតិបរមា ២០៩ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ចំពោះ​កម្រិត​ស៊ី​ប្រេង​វិញ ក្រុមហ៊ុន Land Rover បាន​ប្រកាស​ថា ត្រឹម​តែ ៧,៨ លីត្រ​ប៉ុណ្ណោះ​ក្នុង​ចម្ងាយ ១០០ គីឡូម៉ែត្រ។ បើ​និយាយ​អំពី​កម្លាំង​អូស​សណ្តោង​វិញ រថយន្ត SUV ពូកែ​ខាង Off-road នេះ អាច​អូស​បាន​ទម្ងន់ ៣ ៥០០ គីឡូក្រាម។

លោក Nick Collins នាយក​គ្រប់គ្រង​សង្វាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន Jaguar Land Rover បាន​ប្រាប់​ថា “ម៉ាស៊ីន​ម៉ាស៊ូត​ថ្មី​របស់​យើង ផ្តល់​នូវ​ថាមពល​ខ្លាំង និង​ស៊ី​ប្រេង​តិច ខណៈ​បច្ចេកវិទ្យា​សុវត្ថិភាព​ចុង​ក្រោយ​បំផុត​របស់​យើង អាច​ការពារ​អ្នក​ដំណើរ និង​អ្នក​ប្រើប្រាស់​ផ្លូវ​ផ្សេង​ទៀត”។

សូម​បញ្ជាក់​ថា រថយន្ត Land Rover Discovery បំពាក់​ម៉ាស៊ីន​ធំ​ស៊េរី​ថ្មី​នេះ មាន​តម្លៃ​ចាប់​ពី ៥៧ ០០៥ ផោន ឬ​ស្មើ​នឹង ៧៦ ២៤០ ដុល្លារ​នៅ​ចក្រភព​អង់គ្លេស ឬ ថ្លៃ​ជាង រថយន្ត Land Rover Discovery ដែល​បំពាក់​ម៉ាស៊ីន ៤ ចំនួន ៩ ៣៨០ ផោន ឬ​ស្មើ​នឹង ១២ ៥៤៥ ដុល្លារ៕

ប្រភព ៖ carscoops

Loading...

បញ្ចេញមតិ

comments