មុខងារ​បើកបរ​ដោយ​ស្វ័យប្រវត្តិ “Autopilot” របស់​ក្រុមហ៊ុន Tesla គឺ​ជា​ជំនួយ​ការ​បើកបរ​កម្រិត​ខ្ពស់​បំផុត​មួយ ដែល​មាន​នៅ​លើ​គ្រប់​រថយន្ត ទាំងអស់ ប៉ុន្តែ​វា​មិន​ទាន់​មាន​កម្រិត​ខ្ពស់​គ្រប់គ្រាន់ ដែល​អាច​យក​ឈ្នះ​លើ​ការ​ឆោត​ល្ងង់​របស់​មនុស្ស​ឡើយ។

ចាប់​តាំង​ពី​មុខងារ​នេះ​បាន​ដាក់​ឲ្យ​ដំណើរការ​មក មនុស្ស​ជា​ច្រើន​បាន​ប្រើប្រាស់​វា​ដោយ​មិន​យក​ចិត្ត​ទុក​ដាក់ និង ប្រើ​ទាំង​ការ​យល់​ច្រឡំ​ទៀត​ផង។ ជាក់ស្ដែង អ្នក​បើកបរ​មួយ​ចំនួន បាន​ប្រើ​មុខងារ “Autopilot” នេះ រួច​ក៏​ដេក​លង់​លក់​ទៅ រហូត​បង្ក​ឲ្យ​កើត​មាន​គ្រោះថ្នាក់​នៅ​លើ​ដង​ផ្លូវ។

ទោះ​បី​ជា​យ៉ាង​ណា មុខងារ​បើកបរ​ដោយ​ស្វ័យប្រវត្តិ “Autopilot” ពិត​ជា​ធ្វើ​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ​បន្តិចបន្តួច​មែន ដោយសារតែ​មុខងារ​នេះ មិន​អាច​គ្រប់គ្រង​រថយន្ត​បាន​ពេញលេញ​ឡើយ ពោល​គឺ​អាច​បើកបរ​ដោយ​ស្វ័យប្រវត្តិ​ពី​គោលដៅ​មួយ ទៅ​គោលដៅ​មួយ​ទៀត​ដោយ​ជោគជ័យ ១០០ ភាគរយ​ឡើយ។

យ៉ាងណាក៏ដោយ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla លោក Elon Musk បាន​ឲ្យ​ដឹង​ថា មុខងារ “Autopilot” នឹង​ផ្លាស់ប្ដូរ​ឆាប់ៗ​នេះ។

បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា ភាគហ៊ុន​របស់​ក្រុមហ៊ុន Tesla បាន​កើន​ឡើង ៥ ភាគរយ បន្ទាប់​ពី​លោក Elon Musk និយាយ​ថា មុខងារ “Autopilot” នឹង​អនុញ្ញាត​ឲ្យ​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ​យ៉ាង​ពេញ​លេញ បន្ទាប់​ពី​ការ​ធ្វើ​កំណែ Software នៅ​ក្នុង​ខែ​សីហា៕

ប្រភព ៖ carbuzz

Loading...

បញ្ចេញមតិ

comments