​ទីផ្សារ​រថយន្ត​ក្នុង​ប្រទេស​អារ៉ាប់រួម​ ពឹង​ផ្អែក​ទាំង​ស្រុង​លើ​​​រថយន្ត​ដែល​នាំ​ចូល​ពី​ប្រទេស​ក្រៅ។ ត្បិត​ថា​បែប​នេះ​​មែន​ ប៉ុន្តែ​​រថយន្ត​នាំ​ចូល​ដែល​លក់​ក្នុង​ប្រទេស​នេះ គឺ​មាន​តម្លៃ​ថោក​ប្រហែល​នឹង​​តម្លៃ​នៅ​ប្រទេស​​ដើម​ដែរ។

មាន​តម្លៃ​ថោក​បែប​នេះ​ក៏​ដោយ​សារ​​​តែ​​កន្លង​មក​រដ្ឋាភិបាល​អារ៉ាប់រួម មិន​បាន​​កំណត់​យក​ពន្ធ​​នាំ​ចូល​លើ​រថយន្ត​ ឬ កំណត់​ពន្ធ​អាករ​ពិសេស​អ្វី​នោះ​ទេ។ យ៉ាងណាក្ដី​រដ្ឋាភិបាល​អារ៉ាប់រួម​បាន​សម្រេច​​យក​ពន្ធ ៥% លើ​រថយន្ត​ដែល​លក់​ក្នុង​ប្រទេស​នេះ ចាប់​ពី​ថ្ងៃ​ទី ១ ខែ​មករា​ ឆ្នាំ ២០១៨ ត​ទៅ។

​រថយន្ត​អ្នក​ដំណើរ​ធម្មតា​មាន​កាន់​កាប់​ចំណែក​ទីផ្សារ​រថយន្ត​អារ៉ាប់រួម​ចំនួន ៨០% ខណៈ​ ២០% ទៀត​កាន់​កាប់​ដោយ​រថយន្ត​ដឹក​ទំនិញ។ ​តួ​លេខ​​ឆ្នាំ ២០១៧ ​​ក្រុមហ៊ុន​រថយន្ត​ជប៉ុន​ Toyota, Nissan និង Mitsubishi ជា​ក្រុមហ៊ុន​មាន​ចំណែក​ទីផ្សារ​រថយន្ត​ធំ​ជាង​គេ​នៅ​អារ៉ាប់រួម។ Toyota មាន​ចំណែក​ទីផ្សារ ២៩,៧% តាម​ដោយ​ Nissan មាន​ ១៥,២% និង Mitsubishi មាន​ ៩,៤%។

ចំពោះ​រថយន្ត​ប្រណីត​វិញ​ តម្រូវ​ការ​​នៅ​តែ​មាន​ចំនួន​ច្រើន​​ដោយ​គេ​រំពឹង​ថា​​នឹង​បន្ត​រហូត​ដល់​ឆ្នាំ ២០២០។ ម៉ាក​រថយន្ត​ប្រណីត​ៗ​ដែល​​លក់​រថយន្ត​បាន​ច្រើន​នៅ​អារ៉ាប់រួម​មាន​ដូច​ជា​ BMW, Lexus, Jaguar និង Maserati ជា​ដើម។

​​​​​​​​​​​​​​អារ៉ាប់រួម​បាន​កំណត់​ច្បាប់​​ដ៏​​តឹងរ៉ឹង​មួយ​​លើ​រថយន្ត​ដែល​នាំ​ចូល​​ទៅ​ប្រទេស​របស់​ខ្លួន ដោយ​រថយន្ត​ទាំង​អស់​ត្រូវ​តែ​នាំ​ចូល​​ពី​ប្រទេស​កំណើត​​របស់​ក្រុមហ៊ុន​​នោះ ហើយ​ចង្កូត​រថយន្ត​មិន​ត្រូវ​កែ​នោះ​ទេ។ ចំណែក​ផ្នែក​ខាង​ក្រៅ​មិន​ត្រូវ​មាន​ការ​ខូច​ខាត ហើយ​​រថយន្ត​ត្រូវ​តែ​​រថយន្ត​មិន​ធ្លាប់​មាន​​ប្រវត្តិ​ជួប​គ្រោះ​ថ្នាក់៕

​​​​ប្រភព ៖ Export

Loading...

បញ្ចេញមតិ

comments