រថយន្ត Mercedes-Benz ដ៏​កម្រ ម៉ូដែល SLR 722 S McLaren Edition ប្រភេទ Roadster (បើក​ដំបូល) មួយ​គ្រឿង កំពុង​ស្វែង​រក​ម្ចាស់​ថ្មី ដោយ​ដាក់​លក់​ក្នុង​តម្លៃ​ថ្លៃ​កប់​ពពក។

ក្រុមហ៊ុន Mercedes-Benz និង McLaren បាន​សហការណ៍​គ្នា​លើ​ម៉ូដែល SLR នេះ កាល​ពី​ដើម​ឆ្នាំ ២០០០ ហើយ​នៅ​ក្នុង​ឆ្នាំ ២០០៦ ក៏​ចេញ​លក់​ម៉ូដែល SLR 722 ទាំង​ប្រភេទ Coupe (ដំបូល​ពេញ) និង Roadster (បើក​ដំបូល)។

រហូត​ដល់​ឆ្នាំ ២០០៩ ម៉ូដែល SLR ក៏​ត្រូវ​ឈប់​ផលិត ប៉ុន្តែ McLaren មិន​ទាន់​អស់​ចិត្ត ក៏​សម្រេច​ចេញ​ម៉ូដែល SLR McLaren Edition នៅ​ក្នុង​ឆ្នាំ ២០១១ ផ្តាច់មុខ​តែម្តង។ នៅ​ពេល​នោះ ក្រុមហ៊ុន McLaren ផលិត​វា​ត្រឹមតែ ២៥ គ្រឿង​ប៉ុណ្ណោះ ហើយ​ក្នុង​នោះ​មាន ៦ គ្រឿង​ជា​ប្រភេទ Roadster (បើក​ដំបូល)។

SLR 722 S Roadster McLaren Edition គឺ​ពិត​ជា​មាន​រូបរាង​ទាក់ទាញ​មែន​ទែន ជា​មួយ​នឹង​ពណ៌ ២ លាយ​បញ្ចូល​គ្នា គឺ ពណ៌​ទឹក​ក្រូច និង ពណ៌​ខ្មៅ។ មិន​តែ​ប៉ុណ្ណោះ វា​បាន​បំពាក់​ប្រព័ន្ធ​បូម​ដែល​ទទួល​បាន​ការ Upgrade និង​គ្រឿង​ផ្សំ​ទម្ងន់​ស្រាល ដែល​អាច​កាត់​បន្ថយ​ទម្ងន់​បាន​ដល់​ទៅ ៥០ គីឡូក្រាម​ឯណោះ។

លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន McLaren បាន Upgrade ម៉ាស៊ីន​ចំណុះ ៥,៤ លីត្រ Supercharged ទំហំ ៨ ស៊ីឡាំង (V8) របស់​វា ធ្វើ​ឲ្យ​មាន​កម្លាំង​រហូត​ដល់​ទៅ ៧៤១ សេះ​ឯណោះ ខណៈ​ម៉ាស៊ីន​ធម្មតា​ត្រឹម ៦៤១ សេះ​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា រថយន្ត Mercedes SLR 722S Roadster McLaren Edition នេះ​ត្រូវ​បាន​ដាក់​លក់​លើ​គេហទំព័រ MotorGT ក្នុង​តម្លៃ ១,០៥ លាន​ដុល្លារ​អាមេរិក៕

ប្រភព ៖ carscoops

Loading...

បញ្ចេញមតិ

comments