ក្រុមហ៊ុន​វៀតណាម​ Vinfast បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​ម៉ូតូ​អាគុយ​​ដំបូង​របស់​ខ្លួន និង​​​ជា​ផលិតផល​ដំបូង​របស់​ប្រទេស​វៀតណាម ដោយ​មាន​ឈ្មោះ​ថា​ Klara។

រូបរាង​ម៉ូតូ​នេះ​មាន​ភាព​សាមញ្ញ ​ហើយ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ម៉ូតូ​ Vespa Piaggio។ ខាង​មុខ​ម៉ូតូ​មាន​បំពាក់​អំពូល​បំភ្លឺ​ទំហំ​ធំ​ជា​ប្រភេទ LED និង​មាន​រូប​ឡូហ្គោ​ក្រុមហ៊ុន Vinfast ​នៅ​ខាង​ក្រោម​អំពូល។ ផ្នែក​ខាង​ក្រោយ​ក៏​មាន​ប្រើ​ប្រាស់​ភ្លើង​ LED ហើយ​ឃ្លុប​ដាក់​ឥវ៉ាន់​ក្រោម​កែប​មាន​ទំហំ​ធំ​ដល់ ២២ លីត្រ។

​​អេក្រង់​ទំហំ​ត្រូវ​បាន​ប្រើ​ប្រាស់​ធ្វើ​ជា​កុងទ័រ​នៃ​​ម៉ូតូ​នេះ​ ដែល​អាច​បង្ហាញ​ទិន្នន័យ​សំខាន់ៗ​ជា​ច្រើន។ បន្ថែម​ពី​នេះ​លើ​ម៉ូតូ​មាន​ប្រព័ន្ធ Bluetooth/Wi-Fi ដើម្បី​អាច​​ភ្ជាប់​ជា​មួយ​ទូរសព្ទ និង​ដើម្បី​ត្រួត​ពិនិត្យ​ស្ថានភាព​ម៉ូតូ​តាម​រយៈ​ទូរសព្ទ​បាន។​​

​ម៉ូតូ Klara មាន​ប្រើ​ប្រាស់​​ម៉ាស៊ីន​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់​ដែល​អាច​រត់​ដល់​ល្បឿន​ចន្លោះ​ពី ៥០ ទៅ ៧០ គ.ម/ម៉។ Vinfast បាន​បញ្ជាក់​ថា អាគុយ​ម៉ូតូ​នេះ​សាក​បញ្ចូល​ថ្ម​មួយ​ពេញ​អាច​រត់​បាន​ចម្ងាយ​ដល់ ៨០ ទៅ ១២០ គ.ម​ឯណោះ។

Klara នឹង​ដាក់​លក់​ជា​ផ្លូវ​ការ​​នៅ​ថ្ងៃ​ទី ១៧ ខែ​វិច្ឆិកា​ខាង​មុខ ដោយ​តម្លៃ​មិន​ទាន់​ប្រកាស​ចេញ​នៅ​ឡើយ​ទេ។ គួរ​ដឹង​ថា​ក្រុមហ៊ុន Vinfast នឹង​​បញ្ចេញ​យានយន្ត​អគ្គិសនី​ថ្មីៗ ៧ ម៉ូដែល​​ត្រឹម​ឆ្នាំ ២០១៩ ខាង​មុខ ជា​មួយ​គម្រោង​​សាង​សង់​ស្ថានីយ​សាក​ថ្ម​ឲ្យ​បាន ៣-៥ ម៉ឺន​កន្លែង​​នៅ​ត្រឹម​ឆ្នាំ ២០២០៕

ប្រភព ៖ Zing

Loading...

បញ្ចេញមតិ

comments