ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន Geely ទើបតែ​បាន​ចេញ​លក់​ជា​ផ្លូវការ​នូវ SUV ខ្នាត​តូច​ម៉ូដែល Bin Yue នៅ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន។

រថយន្ត Geely Bin Yue ស៊េរី​ឆ្នាំ ២០១៩ នេះ ឈរ​លើ​គ្រោងឆ្អឹង BMA ដែល​មាន​ការ​រចនា​យ៉ាង​ទាក់​ទាញ និង​ទាន់​សម័យ មិន​ចាញ់​រថយន្ត​អឺរ៉ុប​ឡើយ។ វា​មាន​ប្រវែង ៤,៣ ម៉ែត្រ ទទឹង ១,៨ ម៉ែត្រ និង កម្ពស់ ១,៦ ម៉ែត្រ ជាមួយ​នឹង​ប្រវែង​ពី​កង់​មុខ​ទៅ​កង់​ក្រោយ ២,៦ ម៉ែត្រ។ ទំហំ​ប៉ុណ្ណោះ Bin Yue តូច​ជាង​រថយន្ត BMW X1 បន្តិច​ប៉ុណ្ណោះ ប៉ុន្តែ​ទទឹង​ធំ​ជាង​បន្តិច​វិញ។

ចំណែក​ឯ​ផ្នែក​ខាង​ក្នុង ត្រូវ​បាន​រចនា និង​រៀបចំ​យ៉ាង​ល្អ​ប្រណីត ហើយ​ថែម​ទាំង​ទូលាយ មិន​រញ៉េរញ៉ៃ​ទៀត​ផង។ ជាមួយ​គ្នា​នេះ​ផង​ដែរ វា​បំពាក់​គ្រឿង​បរិក្ខាបែប Premium , កុងទ័រ Digital និង អេក្រង់ Infotainment System ទំហំ ១០ អ៊ីញ , 4G/Wifi និង​មុខងារ​បញ្ជា​ដោយ​សំឡេង​ទៀត​ផង។

រថយន្ត SUV ចិន​ខ្នាត​តូច​នេះ​បាន​បំពាក់​ម៉ាស៊ីន​ចំនួន ២ ខុស​គ្នា ដែល​មាន​ការ​ចូល​រួម​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន Volvo មាន​ចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង បង្កើត​កម្លាំង​បាន ១៧៤ សេះ និង​ប្រើ​ប្រអប់លេខ​អូតូ ៧ វគ្គ ដែល​អាច​ជាន់​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល ៧,៩ វិនាទី។ ជា​មធ្យម​ម៉ាស៊ីន​ប្រភេទ​នេះ​មាន​កម្រិត​ស៊ីសាំង ៦ លីត្រ​ក្នុង​ចម្ងាយ ១០០ គីឡូម៉ែត្រ។

លើស​ពី​នេះ អតិថិជន​ក៏​អាច​ជ្រើស​យក​ម៉ាស៊ីន​ចំណុះ ១,០ លីត្រ Turbocharged ដែល​បង្កើត​កម្លាំង​បាន ១៣៤ សេះ និង​ប្រើ​ប្រអប់លេខ​ដៃ ៦ វគ្គ ធ្វើ​ឲ្យ​វា​ស៊ី​សាំង​តិច​ត្រឹមតែ ៥,៣ លីត្រ​ប៉ុណ្ណោះ​ក្នុង​ចម្ងាយ ១០០ គីឡូម៉ែត្រ។

រឹតតែ​អស្ចារ្យ​ទៅ​ទៀត​នោះ Bin Yue បាន​បំពាក់​មុខងារ​បើកបរ​ដោយ​ស្វ័យប្រវត្តិ​កម្រិត ២ (Level 2) ដែល​ប្រើ​រ៉ាដា Millimeter Wave Radar និង​កាមេរ៉ា​កម្រិត​ខ្ពស់។ បច្ចេកវិទ្យា​នេះ​ជួយ​ឲ្យ វា​អាច​ធ្វើដំណើរ​តាម​រថយន្ត​ខាង​មុខ​ដែល​មាន​ល្បឿន​រហូត​ដល់ ១៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​ផ្លាស់​ប្តូរ​គន្លង​ដោយ​ស្វ័យប្រវត្តិ។ ក្រៅ​ពី​នេះ វា​បាន​បំពាក់​បច្ចេកវិទ្យា​ដូច​ជា ប្រព័ន្ធ​ចូល​ចត​អូតូ, ប្រព័ន្ធ​ហ្វ្រាំង​អាសន្ន​អូតូ និង ប្រព័ន្ធ​ផ្ដល់​ដំណឹង​គ្រោះថ្នាក់​ផ្នែក​ចំហៀង​រថយន្ត ជាដើម៕

ប្រភព ៖ carscoops

Loading...

បញ្ចេញមតិ

comments