បច្ចុប្បន្ន​រថយន្ត​គ្រប់​ស៊េរី​ដែល​ប្រើប្រាស់​ប្រេង​ហ្វ្រាំង វា​បាន​ធ្វើ​តួនាទី​ផ្ទេរ​កម្លាំង​រវាង​ការ​សង្កត់​របស់​ជើង ទៅ​កាន់​ស្បែក​ហ្វ្រាំង ដោយ​តួនាទី​នេះ​ប្រៀប​បាន​នឹង​ប្រព័ន្ធ​អេឡិចត្រូនិក​មួយ​ប្រភេទ ដែល​អាច​នាំ​ឲ្យ​មាន​ការ​លេច​ជ្រាប​ប្រេង​ហ្វ្រាំង​បាន។

ការ​លេច​ជ្រាប​ប្រេង​ហ្វ្រាំង​តាម​កៅស៊ូ​ផ្នែក​ណា​មួយ ឬ​ទុយោ​ប្រេង​ហ្វ្រាំង​ធ្លាយ ធ្វើ​ឲ្យ​ការ​ផ្ទេរ​កម្លាំង​ត្រូវ​បាន​ចែក​ចេញ​ជា ២ រង្វង់ ដែល​ទី ១ អាច​ជា​ប្រព័ន្ធ​កង់​មួយ​គូ​មុខ-មួយ​គូ​ក្រោយ និង​ទី ២ គឺ អាច​ជា​ប្រព័ន្ធ​ខ្វែង​កង់​មុខ​ខាង​ឆ្វេង-កង់​ក្រោយ​ខាង​ស្តាំ និង កង់​មុខ​ខាង​ស្តាំ-កង់​ក្រោយ​ខាង​ឆ្វេង។

ការ​ចែកចេញ​ជា​ប្រព័ន្ធ​បែប​នេះ​គឺ​សំខាន់​សំដៅ​ការពារ​នៅ​ពេល​ប្រព័ន្ធ​ណា​មួយ​បាន​ជួប​ប្រទះ​នូវ​បញ្ហា​ខូច ដោយ​វា​អាច​នៅ​មាន​ប្រព័ន្ធ​ដទៃ​ទៀត​នៃ​ហ្វ្រាំង​ធ្វើ​ការ​បាន។ ដូច្នេះ​នៅ​ពេល​ដែល​រថយន្ត​បែក​ហ្វ្រាំង ឬ​ប្រេង​ហ្វ្រាំង​មាន​ការ​លេច​ជ្រាប​ធ្លាយ​នោះ ភាគ​ច្រើន​គឺ​វា​នៅ​សល់​ប្រសិទ្ធភាព​ជា​ច្រើន​ភាគរយ​ទៀត ពោល​គឺ​មិន​តិច​ជាង​ពាក់​កណ្តាល​នៃ​រង្វង់​ចរន្ត​មួយ​ទៀត​នោះ​ទេ។

ចូរ​តាំង​ស្មារតី​ឲ្យ​ល្អ​នៅ​ពេល​ដែល​ជាន់​ហ្វ្រាំង​ទៅ​វា​កប់​ជ្រៅ​ជាង​ធម្មតា។ ការ​ដាច់​ហ្វ្រាំង​នៅ​ពេល​នេះ គឺ​ត្រូវ​ជាន់​សាំ​ឲ្យ​ខ្លាំងៗ តែ​ត្រូវ​ជាន់​លែងៗ ដើម្បី​ប្រើ​ប្រាស់​កម្លាំង​នៅ​ក្នុង​រង្វង់​ចរន្ត​ដែល​នៅ​សល់។ ស្បែក​ហ្វ្រាំង នឹង​បង្កើត​ការ​កកិត​ខ្លះ ព្រម​ជាមួយ​នឹង​ការ​សាង​លេខ​ម្តង​មួយ​លេខៗ រហូត​អស់​នៅ​សល់​តែ​លេខ​ទាប​បំផុត ហើយ​ចាំ​ប្រើ​ហ្វ្រាំង​ដៃ​ជា​ជំនួយ ដោយ​ការ​សង្កត់​ប៊ូតុង​ឈ្នាន់​ហ្វ្រាំង​ដៃ ហើយ​សង្កត់​ទុក​ឲ្យ​កប់​ដើម្បី​មិន​ឲ្យ​ហ្វ្រាំង​ស៊ី​រហូត​កង់​ជាប់​គាំង។ បន្ទាប់​មក​ទាញ​ឡើង ហើយ​លែង​ទៅ​វិញ ប្តូរ​គ្នា​ទៅ​មក​ជាមួយ​នឹង​ហ្វ្រាំង​ជើង​ដើម្បី​កាត់​បន្ថយ​ល្បឿន។

បើ​សិន​ជា​ប្រព័ន្ធ​ហ្វ្រាំង​ខូច​គ្រប់​រង្វង់​ចរន្ត ត្រូវ​ប្រើប្រាស់​ការ​បន្ថយ​លេខ​ទាប​ដើម្បី​ជួយ រួច​ទើប​ទាញ​ហ្វ្រាំង​ដៃ​ជំនួយ​នៅ​ពេល​ណា​ប្រអប់​លេខ​រំកិល​ចុះ​រហូត​ដល់​លេខ​ទាប​បំផុត។

ចំពោះ​រថយន្ត​ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​ហ្វ្រាំង ABS ពេល​ដែល​ត្រូវ​ការ​ជាន់​ហ្វ្រាំង​ភ្លាមៗ កុំ​ជាន់​ហើយ​លែង ព្រោះ​ប្រព័ន្ធ ABS នឹង​កាត់​ផ្តាច់​ដំណើរការ ហើយ​មិន​អាច​ធ្វើ​ឲ្យ​ការ​ជាន់​ហ្វ្រាំង​បាន​ជាប់​ល្អ​នោះ​ទេ។ លោក​អ្នក​ត្រូវ​ជាន់​ហ្វ្រាំង​ចុះ​ឲ្យ​កប់ ហើយ​គួរ​គ្រប់​គ្រង​ដៃ​ចង្កូត​ទៅ​កាន់​ទិសដៅ​ដែល​លោក​អ្នក​គួរ​ទៅ​នោះ​ឲ្យ​បាន ព្រោះ​នេះ​ជា​វិធី​ដែល​ត្រឹមត្រូវ​នៅ​ពេល​ដែល​ត្រូវ​ការ​ហ្វ្រាំង​ភ្លាមៗ៕

ប្រភព ៖ ដកស្រង់ចេញពីទស្សនាវដ្តីរថយន្ត លេខ៦៨

Loading...

បញ្ចេញមតិ

comments