ចាប់​តាំង​ពី​បាន​ដាក់​បង្ហាញ​រថយន្ត​ Santa Cruz ប្រភេទ​ Concept តាំង​ពី​ឆ្នាំ ២០១៥ មក​​​ ក្រុមហ៊ុន​ Hyundai ហាក់​បាន​បំភ្លេច​ពី​គម្រោង​ការ​ផលិត​រថយន្ត​មួយ​នេះ។ នេះ​ក៏​ដោយ​សារ​ Hyundai រវល់​នឹង​​ការ​ផលិត​រថយន្ត​ SUV និង​​អភិវឌ្ឍ​លើ​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណិត​​ Genesis។

យ៉ាងណាក្ដី​​​ក្នុង​បទ​សម្ភាសន៍​ថ្មី​ជា​មួយ​ទស្សនាវដ្ដី​​​ Autocar លោក​ ​Luc Donckerwolke ប្រធាន​ផ្នែក​ឌីហ្សាញ​របស់​ Hyundai និយាយ​ថា​ផែនការ​ផលិត​រថយន្ត​ភីកអាប់​ Santa Cruz ​បាន​សម្រេច​​រួចរាល់​លើ​ការ​ឌីហ្សាញ​រូបរាង​ចុង​ក្រោយ ហើយ​​សង្វាក់​ផលិតកម្ម​​ផលិត​នឹង​ចាប់​ផ្ដើម​ឆាប់ៗ​នេះ។

​ប្រធាន​ផ្នែក​មិន​បាន​បញ្ជាក់​ច្បាស់​ថា​រថយន្ត​ភីកអាប់​របស់​ខ្លួន​នឹង​ចេញ​មុខ​នៅ​ពេល​ណា​​នោះ​ទេ។ ប៉ុន្តែ​ Autocar បាន​ប៉ាន់ស្មាន​ថា​ Santa Cruz អាច​បង្ហាញ​មុខ​លើ​ទីផ្សារ​នៅ​ឆ្នាំ ២០២០ ខាង​មុខ​។ កន្លង​ទៅ​លោក​​ Kyung Soo Lee ដែល​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Hyundai ប្រចាំ​សហរដ្ឋអាមេរិក​ក៏​បាន​បង្ហើប​ដែរ​ថា​រថយន្ត​ម៉ូដែល​នេះ​នឹង​ចេញ​លក់​នៅ​ឆ្នាំ ២០២០។

បន្ថែម​ពី​នេះ​ លោក​ ​Luc Donckerwolke ក៏​បាន​បង្ហើប​ដែរ​ថា​ ក្រុមហ៊ុន​ Kia ដែល​ជា​ក្រុមហ៊ុន​រថយន្ត​​ស្ថិត​ក្រោម​ការ​កាន់​កាប់​របស់​ Hyundai ​ក៏​កំពុង​សម្ងំ​ផលិត​រថយន្ត​ភីកអាប់​​ដោយ​ផ្អែក​តាម​គ្រោង​ឆ្អឹង​របស់​ Santa Cruz ប៉ុន្តែ​មាន​រចនាបថ​ខុស​គ្នា។

​គួរ​ដឹង​ថា​ដំណឹង​ទាក់ទង​នឹង​លក្ខណៈ​សម្បត្តិ​របស់​ Santa Cruz បាន​ចេញ​ផ្សាយ​ជា​ហូរហែ។ ក្នុង​នោះ​មាន​ការ​លើក​ឡើង​ថា​ Santa Cruz នឹង​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ដូច​ជា​​ម៉ូដែល Tucson ដើម្បី​សន្សំសំចៃ​ពេល​វេលា​ និង​ថវិកា។

ចំពោះ​គ្រឿង​ម៉ាស៊ីន​វិញ រំពឹង​ថា​​នឹង​មាន​បំពាក់​ដោយ​ម៉ាស៊ីន​សាំង​ Turbocharged ចំណុះ ១,៦ លីត្រ​ និង​មាន​ជម្រើស​ម៉ាស៊ីន​ម៉ាស៊ូត​ចំណុះ ២,៤ លីត្រ​ទៀត​ផង។ តម្លៃ​របស់​ Santa Cruz រំពឹង​ថា​នឹង​ស្ថិត​នៅ​ក្រោម​ ២ ម៉ឺន​ដុល្លារ ដើម្បី​អាច​ប្រជែង​នឹង​ Ford Ranger និង Toyota Tacoma នៅ​សហរដ្ឋអាមេរិក៕

ប្រភព ៖ Zing

Loading...

បញ្ចេញមតិ

comments