​ភ្លើង​សញ្ញា​លើ​តាប្លូ​រថយន្ត​មាន​ច្រើន​ប្រភេទ ដែល​​បញ្ជាក់​នូវ​អត្ថន័យ​ផ្សេងៗ​ពី​គ្នា។ យ៉ាងណា​ភ្លើង​ ៣ ប្រភេទ​ខាង​ក្រោម​នេះ​ទាមទារ​ឲ្យ​អ្នក​បើកបរ​យក​ចិត្ត​ទុក​ដាក់​បំផុត នៅ​ពេល​សុខៗ​​វា​លោត​ឡើង​លើ​តាប្លូ។

១. ភ្លើង​​​ព្រមាន​ពី​សីតុណ្ហភាព​ម៉ាស៊ីន​

ភ្លើង​នេះ​លោត​ឡើង​ដើម្បី​ព្រមាន​ដល់​អ្នក​បើកបរ​ថា​សីតុណ្ហភាព​ម៉ាស៊ីន​ឡើង​​លើស​ពី​កម្រិត​ធម្មតា។ ​​​​​ត្បិត​ថា​វា​បញ្ជាក់​ពី​កើន​ឡើង​នៃ​សីតុណ្ហភាព​ម៉ាស៊ីន ប៉ុន្តែ​នៅ​ពេល​ដែល​ Sensor វាស់​កម្ដៅ​ម៉ាស៊ីន​មាន​បញ្ហា​ ឬ បញ្ជូន​ទិន្នន័យ​មិន​ត្រឹម​ត្រូវ ក៏​ភ្លើង​នេះ​លោត​ឡើង​ដែរ។

ម៉ាស៊ីន​ឡើង​កម្ដៅ​ខ្លាំង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​ម៉ាស៊ីន​ធ្ងន់ធ្ងរ​ ហេតុ​នេះ​គួរ​អែប​​រថយន្ត​ចូល​កន្លែង​សុវត្ថិភាព។ បន្ទាប់​មក​ពិនិត្យ​មើល​ធុង​ទឹក​នៃ​ម៉ាស៊ីន​រថយន្ត​ពី​បរិមាណ​ទឹក ប្រសិន​បើ​មាន​តិច​តួច​​ព្យាយាម​ចាក់​បំពេញ។ បើ​សិន​បញ្ហា​មិន​អាច​ដោះ​ស្រាយ​បាន គួរ​ទាក់ទង​ទៅ​កាន់​យានដ្ឋាន​ដើម្បី​​​សណ្ដោង​រថយន្ត​ទៅ​ពិនិត្យ។

​​​​​​​២. ​ភ្លើង​​ប្រេង​ម៉ាស៊ីន​

ភ្លើង​នេះ​លោត​ឡើង​នៅ​ពេល​ដែល​បរិមាណ​ប្រេង​រំអិល​ក្នុង​ម៉ាស៊ីន​មាន​កម្រិត​តិច​តួច​ ​ធ្វើ​ឲ្យ​ខ្វះ​ជាតិ​រំអិល​សម្រាប់​ដំណើរ​ការ​គ្រឿង​ម៉ាស៊ីន​ដែល​រវៃ។ ដូចនេះ​ប្រសិន​បើ​ភ្លើង​សញ្ញា​លោត​ឡើង អ្នក​ត្រូវ​បញ្ឈប់​រថយន្ត​ហើយ​ស្វែង​រក​ជំនួយ​ទើប​ប្រសើរ។

៣. ភ្លើង​អាគុយ​

​​ភ្លើង​នេះ​មិន​សូវ​ធ្ងន់ធ្ងរ​ដូច​ជា​ភ្លើង​ទាំង​ពីរ​ខាង​លើ​ទេ​ ប៉ុន្តែ​ក៏​ត្រូវ​ដោះ​ស្រាយ​ឲ្យ​បាន​ឆាប់​បំផុត​ដែរ។ ភ្លើង​នេះ​លោត​ឡើង​​នៅ​ពេល​ដែល​អាគុយ​​ជិត​អស់​ថាមពល​ មិន​គ្រប់​គ្រាន់​សម្រាប់​ការ​បញ្ឆេះ​ម៉ាស៊ីន។

ប្រសិន​ភ្លើង​នេះ​លោត​ឡើង​ពេល​កំពុង​បើកបរ​សុខៗ​ អ្នក​មិន​ត្រូវ​ពន្លត់​រថយន្ត​នោះ​ឡើយ ត្រូវ​បើកបរ​ឲ្យ​ដល់​ផ្ទះ ឬ យានដ្ឋាន​ជួសជុល ព្រោះ​​ម៉ាស៊ីន​រថយន្ត​អាច​នឹង​មិន​ឆេះ​ម្ដង​ទៀត​នោះ​ទេ៕

ប្រភព ៖ Your Mechanic

Loading...

បញ្ចេញមតិ

comments