កាល​ពី​​ម្សិលមិញ​នេះ​ នៅ​ទីស្ដីការ​ក្រសួង ឯកឧត្ដម ពៅ ម៉ាលី រដ្ឋ​លេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ដឹក​នាំ​កិច្ច​ប្រជុំ អន្តរ​ក្រសួង​ដើម្បី​ពិនិត្យ និង​កែ​សម្រួល​ខ្លឹមសារ​លើ​ប្រកាស​អន្តរ​ក្រសួង​ស្ដី​ពី​បែប​បទ​និង​នីតិ​វិធី​នៃ​ការ​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត។

កិច្ច​ប្រជុំ​​​​មាន​ផ្ដោត​​លើ​របៀប​វារៈ​ចំនួន​ពីរ​ ​ទី​មួយ​គឺ​​សេចក្តី​ព្រាង​ ប្រកាស​អន្តរ​ក្រសួង ស្តី​ពី​នីតិវិធី​បង់ពន្ធ​ប្រថាប់ត្រា និង​ការ​ផ្ទេរ​កម្ម​សិទ្ធិ​យានយន្ត និង​ទី​ពីរ​ការ​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​អន្តរក្រសួង ដើម្បី​ត​ភ្ជាប់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដឹក​ជញ្ជូន​ផ្លូវគោក និង​ប្រព័ន្ធ​ទិន្នន័យ​ពន្ធដារ។

តាម​រយៈ​កិច្ចប្រជុំ​ពិភាក្សា​នេះ ទទួល​បាន​លទ្ធផល​ជា​ទីផ្លែផ្កា ដោយ​ខ្លឹមសារ​នៃប្រកាសអន្តរក្រសួង ស្ទើតែទាំងស្រុងត្រូវបាន​ឯកភាព អនុលោមតាម ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដោយឡែក ប្រការមួយចំនួនតូចដែលអង្គប្រជុំ ថ្នាក់ជំនាញមិនទាន់បានសម្រេច នឹងត្រូវទុកជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច។

ជាមួយនឹងប្រកាសថ្មីនេះ និងធ្វើឱ្យនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានយន្ត កាន់តែមានភាពសាមញ្ញ និងងាយស្រួល។ ដើម្បីផ្ទេរកម្មសិទ្ធិយានយន្តបាន ប្រជាពលរដ្ឋជាម្ចាស់យានយន្ត និងត្រូវទៅបំពេញសំណុំបែបបទបង់ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ នៅ ទីតាំងផ្តល់សេវា កំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ ជាមុនសិន។ បន្ទាប់មកម្ចាស់កម្មសិទ្ធិយានយន្ត នឹងត្រូវយកឯកសារពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ និងឯកសារពាក់ព័ន្ធមកកាន់ ទីតាំងផ្តល់សេវាដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្នើផ្ទេរកម្មសិទ្ធិតែម្តងជាការស្រេច។

ដើម្បីចូលរួមកាត់បន្ថយពេលវេលាទទួលសេវា និងនីតិវិធីស្មុគស្មាញក្នុងការផ្ទេរកម្មសិទ្ធិយានយន្ត និងដើម្បីលុបបំបាត់ការក្លែងបន្លំឯកសារសាធារណៈ ក៏ដូចជាជំរុញការលុបយានយន្តដែល មិនបង់ពន្ធលើមធ្យោបាយធ្វើដំណើរប្រចាំឆ្នាំ ឬមិនបានយកមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសត្រឹមត្រូវ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គនាយកដ្ឋានពន្ធដារ បានឯកភាពគ្នាបង្កើតក្រុមការងារ តភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យជាមួយគ្នាទៅវិញទៅមក។

កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើការតភ្ជាប់ប្រព័ន្ធ ជាមួយនឹងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីផ្ទៀងផ្ទាត់សន្លឹកពន្ធនាំចូល ដែលបានចូលរួមចំណែកពង្រឹងការគ្រប់គ្រងចុះបញ្ជីយានយន្តកាន់តែប្រសើរ និងបានបង្កើនចំណូលពន្ធនាំចូលជូនជាតិផងដែរ៕

 

Loading...

បញ្ចេញមតិ

comments