Lamborghini តែង​បង្ហាញ​រថយន្ត​ស៊េរី​ថ្មី​របស់​ខ្លួន​ជា​រៀង​រាល់​ឆ្នាំ​ ហើយ​ម៉ូដែល​នីមួយៗ​មាន​​សណ្ឋាន​មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ​ ហេតុ​នេះ​ធ្វើ​ឲ្យ​គេ​ពិបាក​បែង​ចែក​ថា​​ម៉ូដែល​ណា​ជា​ម៉ូដែល​ណា។ យ៉ាងណាក្ដី​​គ្រប់​ម៉ូដែល​របស់​ Lamborghini មាន​រចនាបថ​រូបរាង​ខុស​គ្នា​បន្តិច​បន្តួច​ ដែល​អាច​ឲ្យ​គេ​ចំណាំ​បាន។

១. បើ​មើល​ពី​មុខ

#មើល​ចង្កៀង​មុខ ៖

ចង្កៀង​មុខ​របស់​ម៉ូដែល​ Huracan គឺ​ស្ថិត​នៅ​អម​នឹង​តួ​ខ្លួន​របស់​រថយន្ត​ (មើល​ទៅ​ដូច​ភ្នែក​លឹប) ចំណែក​ចង្កៀង​របស់​​ម៉ូដែល​ Gallardo និង​ម៉ូដែល​ Murcielago ​មាន​ចិញ្ចើម​រាង​​ទូលាយ​មិន​លឹប​ឡើយ។ ដោយ​ឡែក​ម៉ូដែល​ Aventador វិញ​ហាក់​ដូច​ជា​ការ​លាយ​បញ្ចូល​គ្នា​រវាង​ចង្កៀង​ម៉ូដែល​ដទៃ​ទៀត​ ដោយ​វា​មាន​រាង​ស្រដៀង​នឹង​ស្លាប។

#មើល​ឡូហ្គោ​ ៖

ម៉ូដែល​ Aventador និង​ Huracan មាន​ឡូហ្គោ​ស្ថិត​​នៅ​ខាង​​ក្រោម​ជួរ​ខ្សែ​នៃ​គម្រប​ខាង​មុខ​របស់​រថយន្ត ខុស​ប្លែក​ពី​ Gallardo និង Murcielago ដែល​មាន​ឡូហ្គោ​ស្ថិត​នៅ​​លើ​គម្រប​រថយន្ត​ផ្ទាល់​តែ​ម្ដង។ ​

#មើល​រន្ធ​​ខ្យល់​ផ្នែក​ចំហៀង ៖

លើ​ម៉ូដែល​ Huracan មាន​រន្ធ​ខ្យល់​តូច​រាង​ត្រីកោណ ចំណែក​ម៉ូដែល​ Murcielago មាន​រន្ធ​ខ្យល់​ធំ​ជាង​ Huracan បន្តិច។ ចំពោះ​ម៉ូដែល​ Gallardo មាន​រន្ធ​ខ្យល់​​តូច​ទ្រវែង ហើយ​ម៉ូដែល​ Aventador មាន​រន្ធ​ខ្យល់​វែង​​និង​មាន​ទំហំ​ធំ។

​​​​​​២. មើល​ពី​ក្រោយ

#បំពង់ស៊ីមាំង ៖

Murcielago និង Aventador មាន​បំពង់ស៊ីមាំង​នៅ​ចំ​កណ្ដាល​ ដោយ​​បំពង់​ស៊ីមាំង​របស់​ Aventador ​មាន​រាង​ដូច​រន្ធ​ HDMI។ យ៉ាងណាក្ដី​ម៉ូដែល​ Murcielago ចេញ​មក​ក្រោយ​មាន​រាង​បំពង់​ស៊ីមាំង​ស្រដៀង​នឹង​ Aventador ដែរ។ ចំណែក​ Huracan និង​ Gallardo វិញ​មាន​បំពង់ស៊ីមាំង​​នៅ​ផ្នែក​​ចំហៀង​ទាំង​សង​ខាង​ ដោយ​ Gallardo ស្ថិត​នៅ​ជា​ជួរ​រាប​ស្មើ​ ចំណែក​ Huracan មាន​លក្ខណៈ​ទាល។

#ភ្លើង ៖

ភ្លើង​របស់​ Huracan មាន​រាង​​ស្ដើង​ស្ថិត​នៅ​លើ​​​​រន្ធ​ខ្យល់​ខាង​ក្រោយ ចំណែក​ចង្កៀង​ Gallardo មាន​រាង​ការ៉េ​ស្ថិត​នៅ​លើ​រន្ធ​ខ្យល់​ដែល​មាន​ទំហំ​ធំ។ ចំពោះ​ម៉ូដែល​ Murcielago មាន​ភ្លើង​ក្រោយ​ដែល​មាន​រាង​ស្រដៀង​នឹង​ភ្លើង​មុខ​របស់​រថយន្ត​ធម្មតា​មួយ​ចំនួន។ ប្រសិន​បើ​ឃើញ​ភ្លើង​មាន​រាង​ដូច​អក្សរ​ “Y“ ហ្នឹង​ហើយ​ជា​ម៉ូដែល​ Aventador ប៉ុន្តែ​ម៉ូដែល​ Gallardo ​ដែល​ចេញ​មក​ក្រោយៗ​ក៏​មាន​ភ្លើង​អក្សរ​ Y ​ស្រដៀង​គ្នា​នេះ​ដែរ។

៣. តម្លៃ ៖

ម៉ូដែល​ Huracan មាន​តម្លៃ​​ត្រឹម​ប្រមាណ​ ២៤០ ០០០ ដុល្លារ​ប៉ុណ្ណោះ និង​ម៉ូដែល​ Gallardo មាន​តម្លៃ​ប្រមាណ​ ១៣៧ ០០០ ដុល្លារ។ ចំណែក​ម៉ូដែល​ Aventador អាច​ថ្លៃ​ដល់​ខ្ទង់​ ៣៥៦ ០០០ ដុល្លារ និង​ Murcielago មាន​តម្លៃ​ប្រមាណ​ ៤៦ ម៉ឺន​ដុល្លារ​ឯណោះ៕​​​​

 

ដោយ ៖ ទេពច្យុតិ

ប្រភព ៖ Virgin Experience Days

បញ្ចេញមតិ

comments