នៅ​ខណៈ​ដែល​ការ​មក​ដល់​នៃ​រថយន្ត​ Rolls-Royce ម៉ូដែល Cullinan កាន់​តែ​ខិត​ចូល​ជិត​នោះ​ ការ​រៀប​ចំ​តុប​តែង​ចុង​ក្រោយ​កំពុង​តែ​ប្រព្រឹត្ត​ទៅ ហើយ​នៅ​សប្ដាហ៍​នេះ​ក្រុមហ៊ុន​រថយន្ត​ Rolls-Royce ផ្ដល់​ឱកាស​ឲ្យ​បាន​ឃើញ​នូវ​កន្លែង​អង្គុយ​ដ៏​ល្អ​បំផុត។

លើស​ពី​រថយន្ត​ SUV ឬ Crossover ឬ រថយន្ត​សម្រាប់​ជិះ​ក្នុង​ផ្លូវ​លំបាក​ផ្សេង​ទៀត​ ​រថយន្ត Rolls-Royce ម៉ូដែល Cullinan នឹង​ក្លាយ​ជា​រថយន្ត​ដែល​បើកបរ​ដោយ​មិន​បាច់​ប្រឹង​ និង​ទៅ​គ្រប់​ទី​កន្លែង ដោយ​ផ្ដល់​នូវ​ប្រណីត​ភាព​គ្រប់​ទិសទី​ ដែល​ម្ចាស់​របស់​ខ្លួន​ចង់​ធ្វើ​ដំណើរ​ទៅ។ ប្រណីត​ភាព​គ្មាន​ដែន​កំណត់​បែប​នេះ នឹង​ត្រូវ​បាន​បង្កើន​ថែម​ទៀត​តាម​រយៈ​ឈុត​គ្រឿង​បំពាក់​ប្រណីតៗ ដែល​មាន​តែ​អ្នក​រចនា​ម៉ូត​ សិប្បករ​ និង​​វិចិត្រករ​នៅ​រោងចក្រ​របស់​រថយន្ត​ Rolls-Royce ប៉ុណ្ណោះ​ដែល​អាច​នឹង​ស្មាន​ដល់ និង​បង្កើត​បាន។

គ្រឿង​បំពាក់​ប្រណីត​ពិតៗ​ដំបូង​គេ​នោះ​ គឺ​កន្លែង​អង្គុយ​ទស្សនា​ទេសភាព​ (Viewing Suite) របស់​រថយន្ត​ Rolls-Royce Cullinan។

កន្លែង​អង្គុយ​របស់​រថយន្ត Rolls-Royce នេះ​ត្រូវ​បាន​រចនា និង​ផលិត​ឡើង​នៅ​រោងចក្រ​របស់ Rolls-Royce ក្នុង​ទីក្រុង Goodwood ហើយ​កន្លែង​អង្គុយ​នេះ​នឹង​មាន​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​ ដោយ​គ្រាន់​តែ​ចុច​លើ​ប៊ូតុង​មួយ​ប៉ុណ្ណោះ។ ពូក​ចំនួន​ពីរ​ដែល​បែរ​ទៅ​ក្រោយ ធ្វើ​ពី​ស្បែក​ប្រណីត​បំផុត និង​មាន​លក្ខណៈ​ទំនើប​ទាន់​សម័យ​ស្រស់​ស្អាត ព្រម​ជា​មួយ​នឹង​តុ​ដាក់​ស្រា បង្ហាញ​ខ្លួន​សន្សឹមៗ​យ៉ាង​សម​សួន​ចេញ​ពី​ផ្នែក​ខាង​ក្រោយ​របស់​រថយន្ត Cullinan។ ​

ជាមួយ​នឹង​កន្លែង​អង្គុយ​ប្រណីត​ និង​មាន​ផាសុកភាព​នេះ​ហើយ ដែល​ម្ចាស់​រថយន្ត Cullinan អាច​គយគន់​ទស្សនីយភាព​ដ៏​ស្រស់​ត្រកាល​របស់​ពិភពលោក​ ឬ​ទស្សនា​កម្មវិធី​កីឡា ឬ​មើល​កូន​ៗ​របស់​ខ្លួន​ចូល​រួម​ក្នុង​ទិវា​កីឡា​ក្នុង​សាលា​រៀន​របស់​គេ។ ​

មិន​ថា អ្នក​ទៅ​ទីណា​នោះ​ទេ កន្លែង​អង្គុយ​គយ​គន់​ទេសភាព របស់​រថយន្ត Rolls-Royce Cullinan ធានា​ថា ជា​ពូក​អង្គុយ​ដ៏​ល្អ​បំផុត។

នេះ​ជា​វិធីសាស្ត្រ​ដំបូង​គេ​ហើយ​សម្រាប់​ឧស្សាហកម្ម​យានយន្ត ក៏​ដូច​ជា​ឧស្សាហកម្ម​ផលិតផល​ប្រណីត​ ហើយ​កើត​ចេញ​ពី​ការ​យល់​ដឹង​យ៉ាង​ស៊ីជម្រៅ​អំពី​របៀប​របប​រស់នៅ និង​ការ​រំពឹង​ទុក​របស់​អតិថិជន ដែល​យល់​ដឹង​បំផុត​នៅ​ក្នុង​ពិភពលោក គឺ​អតិថិជន​របស់​រថយន្ត Rolls-Royce។

អគ្គ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​រថយន្ត Rolls-Royce លោក Torsten Müller-Ötvös បាន​ថ្លែង​ថា៖ “ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​ដែល​យើង​គិត​ឃើញ​អំពី​រថយន្ត Cullinan យើង​បាន​ផ្ដោត​លើ​ការ​ផ្ដល់​នូវ​រថយន្ត Rolls-Royce ដែល​មាន​ភាព​បរិសុទ្ធ និង​ប្រណីត​ពិតៗ ដល់​អតិថិជន​របស់​យើង​តាម​រយៈ​គ្រឿង​បំពាក់​ដ៏​ស្រស់​ត្រកាល និង​គួរ​ឲ្យ​រំភើប​នានា។ ​សម្រស់​របស់​កន្លែង​អង្គុយ​គយ​គន់​ទេសភាព​របស់​រថយន្ត Cullinan ដែល​មាន​ដំណើរការ​ដោយ​ពុំ​បាច់​ប្រឹង ផលិត​ឡើង​ដោយ​ការ​ផ្ចិត​ផ្ចង់ ​បំពាក់​ដោយ​ស្បែក​ដែល​ប្រណីត​បំផុត ហើយ​ស៊ី​គ្នា​នឹង​ផ្ទៃ​ខាង​ក្នុង​របស់​រថយន្ត Cullinan ។ ​ទាំងអស់​នេះ​ហើយ​ ដែល​ហាក់​បី​ដូច​ជា​ការ​នាំ​យក​គ្រឿង​សង្ហារិម​ស្រស់​ស្អាត ​ទៅ​កាន់​ទី​កន្លែង​ឆ្ងាយៗ​បំផុត ហើយ​ទាំងអស់​នេះ​សុទ្ធ​តែ​ជា​តឹកតាង​បង្ហាញ​ពី​សមត្ថភាព​គ្មាន​គូ​ប្រៀប​របស់​អ្នក​រចនា​ម៉ូត​ និង​សិប្បករ ផ្នែក​ច្នៃ​កុម្ម៉ង់​បែប Bespoke នៅ​ឯ​រោងចក្រ​រថយន្ត Rolls-Royce។ នេះ​ជា​ផ្នែក​មួយ​ដ៏​ស្រស់​ស្អាត​របស់​គ្រឿង​សង្ហារិម ហើយ​នេះ​ជា​កៅអី​អង្គុយ​ដែល​ល្អ​បំផុត”៕

Loading...

បញ្ចេញមតិ

comments