ពិព័រណ៍​រថយន្ត​ក្រុង​ហ្សឺណែវ​ ​ប្រទេស​ស្វីស​ឆ្នាំ​ ​២០១៨​ ​នេះ​ ​Rolls-Royce​ ​វិល​ត្រលប់​ទៅ​ចូលរួម​ក្នុង​ពិធី​ក្រោយពេល​ដែល​សារព័ត៌មាន​ជា​ច្រើន​ជុំ​វិញ​ពិភព​លោក​ ​កាលពី​ប្រាំ​មួយ​ខែ​មុន​ ​បាន​អះអាង​ថា​ ​រថយន្ត Rolls-Royce Phantom ថ្មី គឺជា​ “រថយន្ត​ល្អ​បំផុត​ក្នុង​លោក” ក្នុង​ពិធី​សម្ពោធ​រថយន្ត​នេះ​ជា​សកល​​នៅ​មាត់​បឹង​ ​Lake Lucerne។ ទន្ទឹម​នឹង​នេះ​ ​រថយន្ត​ ​Phantom​ ​បី​គ្រឿង​ផ្សេងៗ​គ្នា​ ​ដែល​បញ្ជាទិញ​ដោយ​ដោយ​អ្នក​ជំនាញ​ទំនិញ​ប្រណីត ក៏​នឹង​ចូល​បង្ហាញ​ខ្លួន​ ដើម្បី​បញ្ជាក់​ថា​ ​តើ​មូលហេតុ​អ្វី​បាន​ជា​ក្រុមហ៊ុន​រថយន្ត​ ​Rolls-Royce​ ​គឺ​ជា​ក្រុមហ៊ុន​ផលិតផល​ប្រណីត​ ​នៅ​ក្នុង​វិស័យ​អាជីវកម្ម​យានយន្ត ពោល​និយាយ​ឲ្យ​ចំ​គឺ​ផលិត​តាម​ការ​ច្នៃ​កុម្ម៉ង់​ ​(Bespoke)។ បន្ថែម​លើ​នេះ​ ​ក្រុមហ៊ុន​រថយន្ត​ ​Rolls-Royce​ ​នឹង​បង្ហាញ​រថយន្ត​ ​ម៉ូដែល​ ​Dawn Aero Cowling​ ដែល​ជា​ការ​អភិវឌ្ឍន៍​បន្ថែម​លើ​ម៉ូដែល​ទ្វារ​ពីរ​ដ៏​ស្រស់​ស្អាត​បំផុត​ក្នុង​លោក។

រថយន្ត​ ​Phantom​ ​បី​គ្រឿង​ផ្សេងគ្នា​ជា​មួយ​នឹង​ចក្ខុវិស័យ​បី​យ៉ាង​ខុសៗគ្នា​របស់​អតិថិជន

ក្នុង​ពិព័រណ៍​រថយន្ត​ក្រុង​ហ្សឺណែវ​នា​ឆ្នាំនេះ ក្រុមហ៊ុន​រថយន្ត Rolls-Royce នឹង​បង្ហាញ​ថា​តើ​ហេតុអ្វី​ខ្លួន​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ក្រុមហ៊ុន​ប្រណីត​ឈានមុខ​គេ​នៅ​ក្នុង​ពិភព​លោក​ ដោយ​នឹង​បង្ហាញ​នូវ​រថយន្ត​ម៉ូដែល​ ​Phantom​ ​ខុសគ្នា​ចំនួន​បី​គ្រឿង​ ​ដែល​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​អតិថិជន​នី​មួយៗ​​របស់​ក្រុមហ៊ុន។

រថយន្ត Phantom ទី​មួយ មាន​ឈ្មោះ​ថា The Gentleman’s Tourer ហើយ​រថយន្ត​នេះ​នឹង​ធ្វើ​ឲ្យ​នឹកឃើញ​ដល់​សម័យ​កាល​រថយន្ត Phantom II Continental Saloons ដែល​ជា​រថយន្ត​ប្រភេទ​ Grand Tourer (ប្រភេទ​រថយន្ត​បើក​បរ​កម្សាន្ត​ក្នុង​ចម្ងាយ​ឆ្ងាយ) ដ៏​អស្ចារ្យ​បំផុត​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ​១៩៣០។ រថយន្ត Phantom II Continental Saloons ទាំងនេះ​ ​គឺ​មាន​ទ្វារ​បួន ហើយ​បើក​បរ​ដោយ​ម្ចាស់​ខ្លួនឯង​​សម្រាប់​ការ​ធ្វើដំណើរ​ឆ្ងាយ​ៗ​ជាមួយ​នឹង​មិត្តភក្តិ​ទៅ​កាន់​ទី​កន្លែង​នានា​​ទូទាំង​ទ្វីប​អឺរ៉ុប​ ​ឬ​នៅ​សហរដ្ឋអាមេរិក។ គំនិត​នៃ​រថយន្ត​បើក​កម្សាន្ត​ក្នុង​ចម្ងាយ​ឆ្ងាយ​ឆ្លង​កាត់​ទ្វីប ដែល​មាន​ទ្វារ​បួន និង​មាន​ទំហំ​ធំ​ដូច្នេះ បាន​ទាក់ទាញ​អតិថិជន​រូប​នេះ​ ​ហើយ​ក្នុង​ស្មារតី​នេះ​ ​លោក​ក៏​បាន​បញ្ជាទិញ​រថយន្ត​ ​Phantom​ ​ថ្មី​​មួយ​គ្រឿង។

រថយន្ត​ ​Phantom II Continental Saloons​ ​មាន​ភាព​លេច​ធ្លោ​ដោយ​ត្រូវ​បាន​កុម្ម៉ង់​សម្រាប់​ការ​បើក​បរ​ ​តាម​ដង​ផ្លូវ ហើយ​ពណ៌ និង​ផ្ទៃ​ខាង​ក្នុង​របស់​រថយន្ត​ តម្រូវ​តាម​ ភាព​ធន់​ក្នុង​កា​របើក​បរ​​ជា​ជាង​ការ​តាំង​បង្ហាញ។ រថយន្ត The Gentleman’s Tourer បាន​ប្រើ​ប្រាស់​វិធីសាស្ត្រ​នេះ​ដូចគ្នា​ ​ជា​មួយ​នឹង​ផ្ទៃ ខាង​ក្រៅ​ពណ៌​ប្រផេះ​ភ្លឺ​ ​និង​រំលេច​ដោយ​​ដំបូល​ម៉ាស៊ីន​ពណ៌​ប្រាក់។ ថ្នាំ​ប្រភេទ​ថ្មី​នេះ​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ជាពិសេស​សម្រាប់​អតិថិជន​រូប​នេះ​ ​ដើម្បី​តម្រូវ​តាម​ចំណាប់អារម្មណ៍​របស់​លោក​លើ​យន្តហោះ​ថាមពល​ខ្លាំង​ ​ដោយ​ផ្ទៃ​ពណ៌​រលើប​នៃ​រថយន្ត​នេះ​ ​ធ្វើ​ឲ្យ​នឹកភ្នក​ដល់​បច្ចេកវិទ្យា​យោធា​ទំនើប​ទាន់សម័យ​។ ផ្នែក​កណ្ដាល​នៃ​​កង់​រថយន្ត​អាលុយមីញ៉ូម​​ទំហំ​ ​២២​ ​អ៊ីញ​ ​ក៏​ត្រូវ​បាន​រំលេច​ដោយ​ពណ៌​ប្រផេះ​រលោង​ផង​ដែរ​ ​ដែល​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ការ​រចនា​បែប​នេះ​មាន​នៅ​លើ​កង់​រថយន្ត។

ផ្ទៃ​ខាង​ក្នុង​របស់​រថយន្ត The Gentleman’s Tourer មាន​ទំហំ​ទូលាយ​ ​និង​មាន​លក្ខណៈ​ជា​បុរស​ ​ហើយ​រចនា​ឡើង​ក្នុង​គោល​បំណង​សម្រាប់​ការ​ធ្វើដំណើរ​​ចម្ងាយ​ឆ្ងាយ និង​ប្រកប​ដោយ​ភាព​ប្រណីត។ ស្បែក​ពណ៌ខ្មៅ ប្រផេះ និង​ខ្មៅ​នឹល​ ត្រូវ​បាន​បន្សំ​បញ្ចូល​គ្នា​យ៉ាង​ស្រស់​ស្អាត​​ក្រោម​ទឹក​ដៃ​របស់​សិប្បករ​នៅ​ក្រុង​ Goodwood នៅ​​ក្នុង​កាប៊ីន​រថយន្ត​ ចំណែក​ឯ​គ្រឿង​បំពាក់​ផ្សេង​ទៀត​ ​ដូចជា​ទេវរូប​ ​Spirit of Ecstasy​ ​នៅ​តាម​ធ្នាក់​ដៃ​ទ្វា​រ​នីមួយៗ​ ​និង​ឆ្នូត​ពណ៌​ប្រាក់​នៅ​លើ​បន្ទះ​ឈើ​ពណ៌ខ្មៅ​រលោង​​បាន​ទាក់​ភ្នែក​មើល​ផ្ទៃ​ខាង​ក្នុង​ដ៏​ទំនើប​នេះ។ គ្រឿង​បំពាក់​ដ៏​មាន​តម្លៃ​ចុង​ក្រោយ​ បញ្ជាក់​ឲ្យ​ឃើញ​ពី​ភាព​ទំនើប​ផ្នែក​បច្ចេកវិទ្យា​​របស់​រថយន្ត​ដ៏​ស្រស់​ស្អាត​មួយ​នេះ ហើយ​នោះ​គឺ​ ​វិចិត្រសាល​ ​Cascade Steel Gallery នៅ​លើ​តាប្លូ ដែល​បំពាក់​ដោយ​ជាតិ​ ​Ruthenium​ ​ដែល​ជា​លោហៈ​កម្រ​ ​និង​មាន​តម្លៃ​ស្ថិត​ក្នុង​ក្រុម​ប្លាទីន។ ជា​រៀង​រាល់​ឆ្នាំ លោហៈ​ប្រភេទ​នេះ​ ​ត្រូវ​គេ​ជីក​រក​បាន​តែ​ ​២០​ ​តោន​ប៉ុណ្ណោះ​ ​បើ​ប្រៀបធៀប​ជាមួយ​នឹង​មាស​ ​ដែល​គេ​រក​បាន​រហូត​ដល់​ទៅ​ ​២ ៥០០​ ​តោន​​ ​ដែល​នេះ​ជា​វិធីសាស្ត្រ​ដ៏​មាន​តម្លៃ​​ដើម្បី​បំពាក់​គ្រឿង​លម្អ​នៅ​ក្នុង​រថយន្ត​ ​Phantom​ ​មួយ​គ្រឿង។

រថយន្ត​ ​Phantom​ ​តួ​វែង​ពិសេស​ពីរ​គ្រឿង​ផ្សេងទៀត​ ​ក៏​តាំង​បង្ហាញ​នៅ​បញ្ជរ​របស់​រថយន្ត​ ​Rolls-Royce​ ​ផង​ដែរ​នៅ​ក្នុង​ពិព័រណ៍​រថយន្ត​ក្រុង​ហ្សឺណែវ​ឆ្នាំ​ ​២០១៨​ ​នេះ។​ ​មួយ​គ្រឿង​ឈ្មោះថា​ ​Whispered Muse​ ​និង​មួយ​គ្រឿង​ទៀត​ឈ្មោះ​ថា A Moment in Time​ ​គឺជា​រថយន្ត​ ​Phantom​ ​ស៊េរី​ថ្មី​ ​ពីរ​គ្រឿង​ដំបូង​​ដែល​ត្រូវ​បាន​កុម្ម៉ង់​​ជាមួយ​នឹង​វិចិត្រសាល​​ដែល​រចនា​ដោយ​វិចិត្រករ និង​មាន​តែ​មួយ​ប៉ុណ្ណោះ។ វិចិត្រសាល​ដាច់​ដោយ​ឡែក​ពី​គ្នា​នៃ​រថយន្ត​ទាំងពីរ​គ្រឿង​នេះ​ ​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដោយ​មិន​យក​លំនាំ​តាម​បទដ្ឋាន​វិចិត្រសាល​ឡើយ​​ ​ហើយ​មាន​លក្ខណៈ​ដាច់​ដោយ​ឡែក​ពី​គ្នា​ ​ដែល​នេះ​បង្ហាញ​ ​ឲ្យ​ឃើញ​អំពីការ​ប្ដេជ្ញា​ចិត្ត​របស់​ម៉ាក​យីហោ​រថយន្ត​នេះ​ ​ក្នុង​ការ​គោរព​តាម​ពាក្យ​ស្លោក​របស់​ក្រុមហ៊ុន​ថា “រថយន្ត​បែប Bespoke ជា​រថយន្ត Rolls-Royce”។

រថយន្ត​ ​Whispered Muse​ ​ត្រូវ​បាន​លម្អ​ដោយ​វិចិត្រសាល​ពិសេស​ ​ដែល​បង្កើត​ឡើង​ដោយ​អ្នក​រចនា​ប្រចាំ​ទី​ក្រុងឡុងដ៍​ ​គឺ​លោក​ស្រី​ ​Helen Amy Murray។ វិចិត្រសាល​នេះ​ ​បង្ហាញ​ឡើង​វិញ​ពី​រូបគំនូរ​​ដើម​នានា​​របស់​ ​Charles Sykes ស្ដីពី​ទេវរូប Spirit of Ecstasy ។ តាម​រយៈ​ការ​បង្កើត​នូវ​​ផ្ទៃ​ខុស​ៗគ្នា​ដោយ​ប្រើ​អំបោះ​សូត្រ​ ​តាមរយៈ​ការ​ឆ្លាក់​ត្រង់​ ​លោក​ស្រី Helen​ ​បាន​បង្កើត​នូវ​រូបរាង​មួយៗ​ ​ស្រស់​ស្អាត​ ​ដែល​ស៊ីគ្នា​ ​ដើម្បី​រំលេច​ចេញ​ជា​រូបភាព​ឈុត​សំលៀកបំពាក់​របស់​ទេវរូប Spirit of Ecstasy ដែល​រំភើយ​ទៅ​ក្រោយ​ចេញពី​ផ្នែក​ក​របស់​ទេវរូប។

អំបោះ​សូត្រ​ដែល​លោក​ស្រី Helen បាន​ប្រើ​ប្រាស់​គឺ​ជា​គ្រឿង​រំលេច​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​រថយន្ត​ដ៏​ស្រស់​ស្អាត​មួយ​នេះ​ ​ដែល​មាន​បំពាក់​​បន្ទះ​ឈើ​ពណ៌​ស​នៅ​លើ​ផ្ទៃ​ខាង​ក្នុង​របស់​រថយន្ត​ ​ដែល​បន្ទះ​ឈើ​ទាំងនោះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​ដុស​ខាត់​ដោយ​ដៃ​រយៈពេល​ ​១២​ ​ម៉ោង​ ។ រថយន្ត​នោះ​ក៏​បំពាក់​រូប​ប៉ាក់​របស់​ទេវរូប​ ​Spirit of Ecstasy​ ​របស់ Charles Sykes​ ​ដែល​ថ្នេរ​ប៉ាក់​ដោយ​ដៃ​ ​និង​គ្រឿង​បំពង​សំឡេង​បែប​ ​Bespoke​ ​ពណ៌​​ផ្កាឈូក​ ​នៅ​លើ​ផ្ទៃ​ខាង​ក្នុង​​នៃ​ទ្វារ​ខាង​ក្រោយ។ ការ​រចនា​ពណ៌​យ៉ាង​ផ្ចិត​ផ្ចង់​គឺជា​ចំណុច​ខណ្ឌ​ទីតាំង​ផ្សេងៗ​​របស់​រថយន្ត​នេះ ។​ ពណ៌ត្នោត​នៃ​កៅអី​ខាង​មុខ​​សម្រាប់​តៃកុង​ ​ចំណែក​ឯ​ម្ចាស់​រថយន្ត​សម្រាក​ដោយ​ភាព​ស្ងប់​សុខ​នៅ​ឯ​កៅអី​ដែល​បំពាក់​ស្បែក​ពណ៌ស។

ផ្ទៃ​ខាង​ក្រៅ​ ​របស់​រថយន្ត​​មាន​បំពាក់​នូវ​ការ​រចនា​បែប​គ្រីស្តាល់​ថ្មី នៅ​លើ​ផ្ទៃ​ទឹក​ថ្នាំ​ពីរ​ពណ៌​ ​ដែល​មាន​ពណ៌​ប្រផេះ និង​ផ្ទៃ​មេឃ។ ថ្នាំ ១០ ស្រទាប់​​ត្រូវ​បាន​បង្កើត​ឡើង​ ​ជាមួយ​នឹង​ស្រទាប់​ខាង​ក្រៅ​ចុង​ក្រោយ​ ​ដែល​ជា​ស្រទាប់​កែវ​ ​ដែល​បញ្ចូល​នូវ​ថ្នាំ​ថ្លា​ ​ដើម្បី​ ​បង្កើត​បានជា​លក្ខណៈ​គ្រីស្តាល់។ រូប​រចនា​ពណ៌​ផ្កាឈូក​មាស​ ​គឺ​ចាប់​ផ្ដើម​ចេញពី​ទេវរូប​ពណ៌​ផ្កាឈូក​មាស​ដំបូង​គេ​បំផុត​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ជា​ពិសេស​សម្រាប់​អតិថិជន​ដ៏​មាន​តម្លៃ​រូប​នេះ​ ​ហើយ​ពណ៌​ផ្កាឈូក​មាស​នេះ​ ​បន្ត​វត្តមាន​រហូត​ដល់​ឆ្នូត​ភ្លោះ​ចំហៀង​ ​និង​នៅ​ត្រង់​ផ្នែក​កណ្ដាល​របស់​កង​​នៃ​រថយន្ត​ ​Phantom ដ៏​អស្ចារ្យ​​មួយ​គ្រឿង​នេះ។

អ្នកស្រី Helen Amy Murray ដែល​ជា​វិចិត្រករ​បាន​ថ្លែង​អំពី​ការ​រចនា​ថា៖ “ខ្ញុំ​មាន​ការ​ចាប់អារម្មណ៍​ចំពោះ​គុណភាព​នៃ​គំនូរ​ទេវរូប Spirit of Ecstasy របស់​លោក Charles Sykes។ គំនូរ​ទាំង​អស់នេះ​​អនុញ្ញាត​ឲ្យ​ខ្ញុំ​អាច​បញ្ចូល​នូវ​ទម្រង់​ស្ត្រី​ទៅ​ក្នុង​ការ​ងារ​រចនា​របស់ខ្ញុំ​។ ខ្ញុំ​ចង់ឲ្យ​វិចិត្រសាល​ដែលគេ​កុម្ម៉ង់​ខ្ញុំ​មើល​ទៅ​ ​មាន​លក្ខណៈ​ទន់​ភ្លន់​ ​និង​ល្អ​ប្រពៃ។ ចន្លោះ​បន្ទាត់​ដាច់​ៗ​ព្រាលៗ​ ​ជួយ​ឲ្យ​ទេវរូប​កាន់តែ​មាន​ភាព​លេច​ធ្លោ”

រថយន្ត ‘A Moment in Time’ គឺជា​រថយន្ត​ ​Phantom​ ​តួ​វែង​ទីពីរ​​ដែល​អតិថិជន​បញ្ជាទិញ​ ​ហើយ​បង្ហាញ​ខ្លួន​នៅ​ឯ​ពិពណ៌​រថយន្ត​ក្រុង​ហ្សឺណែវ​ ​ឆ្នាំ​ ​២០១៨​ ​នេះ។ បើ​និយាយ​ពី​សិល្បៈ​ វិ​ចិត្រសាល​លើ​តាប្លូ​របស់​រថយន្ត​នេះ​ ​គឺ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​អត្ថន័យ​នៃ​ពាក្យ​ពេចន៍​របស់​លោក​ ​Claude Johnson​ ​ដែល​និយាយ​ថា​ ​“​ស្មារតី​របស់​ ​Rolls-Royce​ ​មាន​ដូចជា​ល្បឿន​ ​ប្រកប​ដោយ​ភាព​ស្ងាត់​ ​មិន​មាន​រំ​ញ័រ​ ​កម្លាំង​ថាមពល​ខ្លាំង​ប្លែក​គេ​ ​និង​ប្រៀប​បាន​​​សរីរាង្គ​មាន​ជីវិត​ដ៏​ស្រស់​ស្អាត ប្រកប​ដោយ​ភាព​សមសួន…”។

វិចិត្រសាល​នៃ​រថយន្ត​ ​Phantom​ ​នេះ​ ​ធ្វើ​ឲ្យ​រថយន្ត​ ​‘A Moment In Time’​ ​ហាក់​មើល​ទៅ​ប្រៀប​បាន​នឹង​កន្សែង​របស់​ទេវរូប​ ​Spirit of Ecstasy​ ​គ្រប​ដណ្ដប់​លើ​រថយន្ត​ ​នៅ​ពេល​ស្ថិត​ក្នុង​ល្បឿន​លឿន​ ​ដែល​មើល​ទៅ​ហាក់​បី​ដូចជា​ការ​ចាប់​យក​ពេលវេលា​មួយ​ ​ដែល​នៅនឹង​ថ្កល់​ដូច្នោះ​ដែរ។ វិចិត្រ​សាល​នេះ​អាច​បង្កើត​ទៅ​បាន​តាមរយៈ​ដំណើរការ​​រូបភាព​សិល្បៈ​ ​វត្ថុ​រាវ​មាន​ចលនា​​ ​និង​ឆ្លាក់​ដោយ​ ​Based Upon Collective​ ​នៅ​ទីក្រុង​ឡុងដ៍។ ការ​រចនា​ចុង​ក្រោយ​គឺ​​ត្រូវ​បាន​រៀបចំ​ចេញពី ដុំ​អាលុយមីញ៉ូម​​រឹង​ ​ដែល​ដុសខាត់​ដោយ​ដៃ​​មុន​ពេល​​បញ្ចូល​ទៅ​ក្នុង​វិចិត្រសាល​​ ដើម្បី​បាន​ក្លាយ​ជា​ស្នាដៃ​សិល្បៈ​ដ៏​ស្រស់​ស្អាត​ ​និង​មាន​តម្លៃ។

ការ​បង្កើត​រថយន្ត ‘A Moment in Time’ គឺជា​រឿង​ដែល​ពិសេស។ កំណាត់​សូត្រ ត្រូវ​បាន​ហូត​ចេញ​ពី​អាង​ទឹក​ ​ថ្លឹង ហើយ​ព្យួរ​ឡើង​ ​ដោយ​គ្រប់គ្រង​លើ​ពេលវេលា​ខ្លី​មួយ​នោះ។ ដោយ​ប្រើ​កាមេរ៉ា​ថត​រូប​ ​ទម្រង់​នៃ​វត្ថុ​រាវ​ដែល​កើត​ចេញពី​សរសៃ​សូត្រ​នោះ​ ​ត្រូវ​បាន​វិភាគ​ដោយ​ក្រុមការងារ​រចនា​ម៉ូត​របស់​ ​Rolls-Royce​ ​និង​វិចិត្រករ​មក​ពី​ ​Based Upon Collective​ ​មុន​ពេល​យក​ទៅ​ឆ្លាក់​នៅ​លើ​ដីឥដ្ឋ។ បន្ទាប់​មក​ ​រូប​ចម្លាក់​ក្រមួន​ទន់​ ​ត្រូវ​បាន​កែ​លម្អ​ឡើងវិញ​ ​ដើម្បី​ពង្រីក​ភាព​លេចធ្លោ​នៅ​ក្នុង​វិចិត្រសាល​នោះ។ ការ​រចនា​ចុង​ក្រោយ​នៃ​វិចិត្រសាល​នេះ​គឺ​​ត្រូវ​បាន​រៀបចំ​ចេញពី​ ​ដុំ​អាលុយមីញ៉ូម​រឹង​ ​ដែល​ដុសខាត់​ដោយ​ដៃ​​មុន​ពេល​​បញ្ចូល​ទៅ​ក្នុង​វិចិត្រសាល​ដើម្បី​រំលេច​នៅ​កំណោង​របស់​សរសៃ​សូត្រ។

ជា​ថ្មី​ម្ដង​ទៀត​ ​រថយន្ត​ដែល​បំពាក់​ស្នា​ដៃ​សិល្បៈ​ដ៏​ស្រស់​ស្អាត​នេះ​ ​ត្រូវ​បាន​រចនា​យ៉ាង​ពិសេស​ ​និង​ស៊ីគ្នា​ជា​មួយ​នឹង​វិចិត្រ​សាល​របស់​ខ្លួន។ លើក​នេះ​ ​បន្ទះ​ឈើ​ពណ៌​ត្បូង​កណ្ដៀង​ពិសេស​ប្លែក​ ​ដែល​បាន​ដុសខាត់​ដោយដៃ​រយៈពេល​ ១២​ ​ម៉ោង​ ​ជួយ​រំលេច​សម្រស់​បន្ថែម​សម្រាប់​ផ្ទៃ​ខាង​ក្នុង​​ដែល​មាន​ពណ៌​ខៀវ​ក្រមៅ​ ​និង​ប្រផេះ​ ​ហើយ​លើក​នេះ​ ​ក៏​មាន​​រូប​ប៉ាក់​របស់​ទេវរូប​ ​Spirit of Ecstasy​ ​របស់​ ​Charles Sykes​ ​ដែល​ថ្នេរ​ប៉ាក់​ដោយ​ដៃ​ ​និង​មាន​ពណ៌ខៀវ​ផង​ដែរ។
ផ្ទៃ​ខាង​ក្រៅ​នៃ​រថយន្ត​ ​Phantom​ ​ដ៏​ស្រស់​ស្អាត​នេះ​ ​ប្រើប្រាស់​ថ្នាំ​បែប​ ​Bespoke​ ​ពណ៌​ត្បូង​កណ្ដៀង​ខៀវ​ ​ដែល​មាន​រំលេច​ការ​រចនា​បែប​គ្រីស្តាល់​ពណ៌ខៀវ។ ថ្នាំ​ចំនួន​ ​៦​ ​ស្រទាប់​ ​ត្រូវ​បាន​បង្កើត​ឡើង​ ​ជាមួយ​នឹង​ស្រទាប់​ខាង​ក្រៅ​ចុង​ក្រោយ​ ​ដែល​ជា​ស្រទាប់​កែវ​ពណ៌ខៀវ​ ​ដែល​បញ្ចូល​នូវ​ថ្នាំ​ថ្លា​ ​ដើម្បី​ ​បង្កើត​បាន​ជា​លក្ខណៈ​គ្រីស្តាល់​ខៀវ​។ ផ្ទៃ​ខាង​ក្រៅ​ក៏​មាន​ឆ្នូត​ចំហៀង​ពណ៌ប្រផេះ​ ​ដែល​ពណ៌​នេះ​ក៏​ត្រូវ​បាន​រចនា​លើ​ផ្នែក​កណ្ដាល​នៃ​កង់​រថយន្ត​ផង​ដែរ។

ម៉ូដែល Dawn Aero Cowling

ពិធី​ពិព័រណ៍​រថយន្ត​ក្រុង​ហ្សឺណែវ​ ​ក៏​នឹង​ឃើញ​មានការ​បង្ហាញ​ម៉ូដែល​ ​Dawn​ ​ដែល​អភិវឌ្ឍ​ថ្មី។ កំណែ​ប្រែ​ថ្មី​​សម្រាប់​ម៉ូដែល​ ​Dawn​ ​នេះ​ ​គឺ​ដោយសារ​តែ​អ្នក​រចនា​ម៉ូត​របស់​រថយន្ត​ ​Rolls-Royce​ ​ទទួល​ស្គាល់​ថា​ ​អតិថិជន​មួយ​ចំនួន​​ប្រហែល​ជា​ចង់​បាន​ភាព​បត់បែន​ប្រសើរ​ជាង​មុន​ទាក់ទិន​នឹង​រូបរាង​ ​និង​ភាព​អាច​ប្រើ​ប្រាស់​ជាក់​ស្ដែង​សម្រាប់​ ​Drophead coupé​ ​ដ៏​ប្រណីត​បំផុត​ក្នុង​លោក​នេះ។ ដូច្នេះ​ហើយ​ ​ម៉ូដែល​ ​Dawn Aero Cowling​ ​ក៏​ចាប់​កំណើត​ឡើង។

រថយន្ត​ ​Aero Cowling​ ​បាន​កែ​ប្រែ​ម៉ូដែល​ ​Dawn​ ​ឲ្យទៅ​ជា​រថយន្ត​​ទ្វារ​ពីរ​ ​ដែល​នៅ​តែ​រក្សា​ភាព​ជា​រថយន្ត​ប្រណីត​បើក​ដំបូល​ ​ដែល​ចូល​ក្នុង​សង្គម​ជាង​គេ​បំផុត​ ​តាម​រយៈ​ការ​បង្កើត​នូវ​ដំបូល​​ដែល​វែង​ជាង​មុន​ ​នៅ​ពី​លើ​កៅអី​ផ្នែក​ខាង​ក្រោយ។

រថយន្ត​ ​Aero Cowling​ ​គ្រប​បិទ​​កន្លែង​អង្គុយ​ផ្នែក​ខាង​ក្រោយ​​របស់​ម៉ូដែល​ ​Dawn​ ​តាមរយៈ​ឧបករណ៍​ធ្វើ​ពី​ដៃ​ដ៏​ស្រស់​ស្អាត​ ​ដែល​បំពាក់​នូវ​គម្រប​ចំនួន​ពីរ​ផុស​ចេញពី​ជ្រុង​​នៃ​ដំបូល​ ​ដែល​លាក់​បាំង​ផ្នែក​ខាង​ក្រោយ​របស់​រថយន្ត​ ​Dawn មក​នៅ​ត្រឹម​ផ្នែក​ខាង​ក្រោយ​នៃ​កៅអី​ខាង​មុខ។ ទម្រង់​នៃ​គម្រប​នេះ​ ​ត្រូវ​បាន​ឆ្លាក់​យ៉ាង​យក​ចិត្ត​ទុកដាក់​ ​ដើម្បី​រក្សា​លំហូរ​ខ្យល់​ឲ្យ​បាន​ល្អ​ ​ដែល​ធ្វើ​ដូច្នេះ​ ​ដើម្បី​បន្ថែម​ផាសុកភាព​ដល់​អ្នក​បើកបរ។

គម្រប​នីមួយៗ​ ​មាន​បំពាក់​នូវ​ថត​ដែល​ដេរ​ភ្ជិត​ដោយ​ស្បែក​ ​និង​អាច​ចាក់សោ​បាន​ ​សម្រាប់​ការ​ប្រើ​ប្រាស់​ផ្ទាល់ខ្លួន។ គម្រប​នោះ​ធ្វើ​ចេញ​ពី​ជាតិ​កាបូន​ ​និង​អាលុយមីញ៉ូម​ ​ហើយ​មាន​ភាព​ ​ស្រាល​ ​និង​រឹង​មាំ​មិន​គួរ​ឲ្យ​ជឿ។ គម្រប​ត្រូវ​បាន​ស្រោប​ដោយ​ស្បែក​ ​Rolls-Royce​ ​ដែល​ស៊ីគ្នា​នឹង​ផ្ទៃ​ខាង​ក្នុង​របស់​រថយន្ត។

រថយន្ត Dawn Aero Cowling មាន​វត្តមាន​នៅ​បញ្ជរ​របស់​រថយន្ត​ ​Rolls-Royce​ ​ក្នុង​ពិព័រណ៍​រថយន្តក្រុង​ហ្សឺណែវ​ ​ឆ្នាំ ២០១៨​ ​ហើយ​ជា​រថយន្ត​ដ៏​ស្រស់​ស្អាត​ជាមួយ​នឹង​ពណ៌​ទឹក​ប្រាក់ លាយ​មាស។ ផ្ទៃ​ខាង​ក្រៅ ត្រូវ​បាន​លម្អ​ដោយ​ថ្នាំ​ពណ៌​ប្រាក់​ ​ហើយ​មាន​បំពាក់​កង់​អាលុយមីញ៉ូម​ ​២១​ ​អ៊ីញ​ភ្លឺ​រលោង ចំណែក​ឯ​ផ្ទៃ​ខាង​ក្នុង​វិញ​ ​ត្រូវ​បាន​ស្រោប​ដោយ​ស្បែក​ពណ៌​មាស​ ​ដែល​រំលេច​ដោយ​ឆ្នូត​ ​និង​ថ្នេរ​ពណ៌​ប្រផេះ​ ​ក៏ដូចជា​គ្រឿង​បំពាក់​ពណ៌​ខ្មៅ​នានា។ ជាតិ​កាបូន​ ​ដែល​ជា​ទ្រនង់​ខ្នង​​ចំកណ្ដាល​នៃ​រថយន្ត​ ​Aero Cowling​ ​ត្រូវ​បាន​ផុស​ឡើង​ ​ដើម្បី​បង្ហាញ​អំពី​គ្រោង​ដែល​ស្រាល​ ​ហើយ​ការ​ប៉ាក់ឌិន​វិញ​ ​គឺ​មាន​រាង​ជា​ក្រាហ្វិក​អក្សរ​ ​V​ ​ដែល​មាន​ភាព​ទំនើប​ទាន់សម័យ​ ​ដែល​ជួយ​បន្ថែម​ដល់​លក្ខណៈ​ពិសេស​របស់​រថយន្ត​ ​Dawn Aero Cowling។ តាប្លូ និង​ស្នូក​កណ្ដាល​មាន​បំពាក់​នូវ​បន្ទះ​កាបូន​ ​ដែល​បន្ត​ពី​ទ្រនង់​ខ្នង​ ​ធ្លាក់​ចុះ​មក​ចំ​ផ្នែក​កណ្ដាល​របស់​រថយន្ត ។ នៅ​ពេល​ដែល​កម្រាល​ស្បែក​ដែល​ត្បាញ​បញ្ចូល​គ្នា​ ​ផ្គុំ​គ្នា​ជាមួយ​នឹង​ទ្រនង់​កណ្ដាល​នេះ​ ​ធ្វើ​​ឲ្យ​ស៊ីគ្នា​នឹង​ជាតិ​កាបូន​ ​ដែល​បំពាក់​នៅ​លើ​រថយន្ត​ ​Aero Cowling​ ​នេះ៕

បញ្ចេញមតិ

comments