ក្រុមហ៊ុន​ Honda ប្រចាំ​តំបន់​អឺរ៉ុប​បាន​បង្ហាញ​ចេញ​ម៉ូតូ​ស៊េរី​ថ្មី​ម៉ូដែល​ Forza 300 ដែល​មាន​រូបរាង​ស្រដៀង​គ្នា​ទៅ​នឹង​ PCX ឆ្នាំ​ ២០១៨ ប៉ុន្តែ​មាន​ចំណុច​ជា​ច្រើន​ដែល​ពិសេស​ជាង។

ម៉ូតូ​ Forza 300 ឆ្នាំ​ ២០១៨ មាន​ប្រើ​ប្រាស់​នូវ​ប្រភេទ​ភ្លើង​ LED ទាំង​មុខ​ និង​ក្រោយ​ ​ហើយ​​ភ្លើងស៊ីញ៉ូ​ខាង​ក្រោយ​មាន​រាង​ជា​អក្សរ​ X។ កញ្ចក់​ឆ្វេង​-ស្ដាំ​ មាន​បង្កប់​ទៅ​ដោយ​ភ្លើង​ឲ្យ​សញ្ញា​នា​ពេល​បត់ ឆ្វេង ឬ ស្ដាំ​យ៉ាង​ពិសេស។ កុងទ័រ​បង្ហាញ​ព័ត៌មាន​ជា​ប្រភេទ​ Digital លាយ​នឹង​ Analog ដែល​អាច​បង្ហាញ​ព័ត៌មាន​ជា​ច្រើន​ប្រភេទ។

ចំពោះ​ក្បាំង​ខាង​មុខ​ អាច​កែ​សម្រួល​កម្ពស់​របស់​វា​បាន​តាម​កុងតាក់​អេឡិចត្រូនិក​ ដើម្បី​អាច​កំណត់​កម្ពស់​ទៅ​តាម​ចំណូល​ចិត្ត​របស់​​អ្នក​បើកបរ​នីមួយៗ។ ចំពោះ​ប្រព័ន្ធ​ហ្វ្រាំង​គឺ​ជា​ប្រភេទ​ហ្វ្រាំង​ ABS ដែល​ផ្ដល់​សុវត្ថិភាព​ខ្ពស់​នៅ​ពេល​ចាប់​ហ្វ្រាំង​ងក់។

Forza 300 ឆ្នាំ​ ២០១៨ មាន​បំពាក់​ដោយ​ម៉ាស៊ីន​ចំណុះ​ ២៧៩ សេសេ ដោយ​ប្រេង​ឥន្ធនៈ​ ១ លីត្រ​អាច​បើកបរ​បាន​ចម្ងាយ​ ៣១ គីឡូម៉ែត្រ។ ចាក់​មួយ​ពេញ​ ១១,៥ លីត្រ​ អាច​បើកបរ​បាន​ចម្ងាយ​ ៣៧០ គីឡូម៉ែត្រ។ ម៉ូតូ​នេះ​មាន​ទម្ងន់​ ១៨២ គីឡូក្រាម​ ផ្ដល់​បាន​ស្ថិរភាព​ល្អ​នៅ​ពេល​បើកបរ។

Forza 300 ស៊េរី​ថ្មី​មាន​ជម្រើស​ពណ៌​ចំនួន​ ៤ រួម​មាន​ ស ខ្មៅ ប្រផេះ និង​ពណ៌​ខៀវ ហើយ​រំពឹង​ថា​នឹង​បង្ហាញ​វត្តមាន​ក្នុង​ប្រទេស​ថៃ​ឆាប់ៗ។ ចំពោះ​តម្លៃ​លើ​ទីផ្សារ​អឺរ៉ុប​​ ក្រុមហ៊ុន​ Hondaមិន​ទាន់​បង្ហាញ​​នៅ​ឡើយ​ទេ៕

ប្រភព ៖ Motor Rival​

​​​​​​​​​​​​​

បញ្ចេញមតិ

comments