ក្រុមហ៊ុន​រថយន្ត BMW បាន​ប្រើប្រាស់​កម្មវិធី​ពិព័រណ៍​រថយន្ត Geneva Motor Show ដើម្បី​ប្រកាស​គម្រោង​របស់​ខ្លួន​ក្នុង​ការ​ផលិត​រថយន្ត​អគ្គិសនី​ថ្មី ម៉ូដែល i4។

ទោះ​ជា​យ៉ាង​ណា BMW មិន​បាន​បញ្ជាក់​ឡើយ​ថា វា​នឹង​ត្រូវ​ផលិត​នៅ​ពេល​ណា ប៉ុន្តែ i4 នឹង​ផលិត​នៅ​ក្នុង​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់ ហើយ​នឹង​ក្លាយ​ជា​រថយន្ត​អគ្គិសនី​មួយ​ក្នុង​ចំណោម ២៥ ដែល​ក្រុមហ៊ុន​គ្រោង​នឹង​ចេញ​នៅ​ឆ្នាំ ២០២៥។

BMW i4 ដែល​ធ្លាប់​បាន​បង្ហាញ​ខ្លួន​នៅ​ឯ​ពិព័រណ៍​រថយន្ត Frankfurt Motor Show កាល​ពី​ឆ្នាំ ២០១៧ ជា Concept រថយន្ត i Vision Dynamics នេះ បាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​ដែល​អាច​ឲ្យ​វា​រត់​ពី ០ ដល់ ១០០ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹម​តែ ៤ វិនាទី​ប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ វា​មាន​ល្បឿន​អតិបរិមា​ដល់​ទៅ ២០០ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

អ្វី​ដែល​រឹង​តែ​អស្ចារ្យ​នោះ​គឺ វា​អាច​បើកបរ​បាន​ចម្ងាយ ៦០០ ​គីឡូម៉ែត្រ រាល់​ពេល​សាក​ថ្ម​ពេញ​ម្ដង ខណៈ​រថយន្ត Tesla Model S បាន​ត្រឹមតែ ៥៣៩ គីឡូម៉ែត្រ​ប៉ុណ្ណោះ៕

ប្រភព ៖ carscoops

បញ្ចេញមតិ

comments