ក្រុមហ៊ុន Yamaha នៃ​ប្រទេស​ម៉ាឡេស៊ី ទើប​តែ​បាន​ដាក់​បង្ហាញ​ជា​ផ្លូវការ នូវ​ម៉ូតូ​ម៉ាក XMax ម៉ាស៊ីន ២៥០ សេសេ ហើយ​នឹង​ចែកចាយ​ឲ្យ​ឈ្មួញ​លក់​បន្ត នៅ​ចុង​ខែ​មីនា​ខាង​មុខ​នេះ។

Yamaha XMax ម៉ាស៊ីន ២៥០ សេសេ ស៊េរី ២០១៨ នេះ មាន​តម្លៃ​រហូត​ដល់​ទៅ ៥ ៧៥០ ដុល្លារ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​ថ្លៃ​ពន្ធ​ទំនិញ និង​សេវាកម្ម (GST) ប៉ុន្តែ​មិន​រាប់​បញ្ចូល​ថ្លៃ​ពន្ធ​ផ្លូវ , ធានា​រ៉ាប់រង និង ការ​ចុះ​បញ្ជី​ឡើយ។

XMax 250 បំពាក់​ម៉ាស៊ីន​ទំហំ ១ ស៊ីឡាំង ប្រើប្រាស់​លេខ​ស្វ័យប្រវត្តិ។ ជាមួយ​គ្នា​នេះ​ដែរ គ្រឿង​បរិក្ខា​ស្តង់ដារ​នៅ​លើ XMax 250 គឺ​មាន​កម្រិត​ខ្ពស់ ដោយ​រួម​បញ្ចូល​ទាំង ហ្វ្រាំង ABS ភ្លោះ (Two Channel ឬ Dual Channel) ដែល​ផ្ដល់​សុវត្ថិភាព​ខ្ពស់​នៅ​ពេល​ចាប់​ហ្វ្រាំង​ងក់ និង​ប្រព័ន្ធ Traction Control ដើម្បី​កុំ​ឲ្យ​រអិល​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ វា​រួម​បញ្ចូល​ទាំង​ប្រព័ន្ធ​បញ្ឆេះ​ម៉ាស៊ីន​ម៉ូតូ​មិន​បាច់​ប្រើ​សោរ (Keyless Start) និង​ប្រើ​អំពូល​ភ្លើង LED មុខ​ក្រោយ​ទៀត​ផង។

ចំណែក​ឯ​ផ្នែក​ខាង​ក្រោម​កែប​វិញ វា​មាន​កន្លែង​ផ្ទុក​ធំ​ទូលាយ រហូត​អាច​ដាក់​មួក​សុវត្ថិភាព​ចំនួន ២ និង​មាន​កន្លែង​សាក​ថ្ម​ទូរសព្ទ ទំហំ ១២ វ៉ុល​ទៀត​ផង។ XMax 250 ប្រើ​កង់​ខាង​មុខ​ទំហំ ១៥ អ៊ីញ និង​ខាង​ក្រោយ​ទំហំ ១៤ អ៊ីញ។ វា​មាន​តែ ២ ពណ៌​ប៉ុណ្ណោះ គឺ ពណ៌​ស (Metallic White) និង ពណ៌​ទង់ដែង (Rusty Bronze)៕

ប្រភព ៖ paultan

បញ្ចេញមតិ

comments