ផ្លូវ​មួយ​ខ្សែ​មាន​ឈ្មោះ​ថា Tianmen ស្ថិត​នៅ​ក្នុង​ប្រទេស​ចិន មាន​ឈ្មោះ​ល្បីល្បាញ​ខ្លាំង ដោយសារតែ​ទេសភាព​ដ៏​ស្រស់​ស្អាត និង ផ្លូវ​កោង​ទាំង ៩៩ កង់ គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​វា។ ក្នុង​នោះ​ដែរ ក្រុមហ៊ុន​រថយន្ត​ជា​ច្រើន​បាន​ព្យាយាម​បង្កើត​កំណត់ត្រា នៅ​លើ​ផ្លូវ​កោង​នោះ។

ក្រុមហ៊ុន​ចុង​ក្រោយ​បង្អស់​ដែល​ធ្វើ​ដូច្នេះ គឺ Jaguar Land Rover ដែល​បាន​នាំ​មក​នូវ​រថយន្ត Range Rover Sport SVR ថ្មី​បំផុត​របស់​ខ្លួន។ ខណៈ​ពេល​ដែល​រថយន្ត​ប្រភេទ SUV ហាក់​មិនមែន​ជា​ជម្រើស​ប្រក្រតី ប៉ុន្តែ SVR មិនមែន​ជា​រថយន្ត​ធម្មតា​ទេ ព្រោះ​វា​មាន​ម៉ាស៊ីន​ចំណុះ ៥,០ លីត្រ ទំហំ ៨ ស៊ីឡាំង មាន​កម្លាំង ៥៧៥ សេះ។

មិនតែប៉ុណ្ណោះ វា​ប្រើប្រាស់​ប្រអប់លេខ​ស្វ័យប្រវត្តិ ៨ វគ្គ និង ប្រព័ន្ធ​ប៉ុង​ពីរ (All-Wheel Drive) ដែល​អាច​ឲ្យ​រថយន្ត​នេះ​ស្ទុះ​ពី​ល្បឿន ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើ​ពេល​ត្រឹមតែ ៤,៥ វិនាទី​ប៉ុណ្ណោះ ហើយ​មាន​ល្បឿន​អតិបរមា ២៨០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

សូម​បញ្ជាក់​ថា រថយន្ត​ដែល​អាច​រត់​លើ​ផ្លូវ​កោង​ទាំង ៩៩ កង់ ចម្ងាយ​សរុប ១១,៣ គីឡូម៉ែត្រ​នោះ​បាន​លឿន​បំផុត គឺ Ferrari 458 Italia ដែល​ប្រើ​ពេល ១០ នាទី និង ៣១ វិនាទី កាល​ពី​ឆ្នាំ ២០១៦។

យ៉ាងណាក៏ដោយ អ្នក​បើកបរ​រថយន្ត​ក្រុមហ៊ុន Jaguar Land Rover លោក Ho-Pin Tung បាន​ព្យាយាម​បំបែក​កំណត់ត្រា​នេះ។ ចង់​ដឹង​ថា លោក Ho-Pin Tung អាច​ធ្វើ​បាន​ឬ​ក៏​អត់ ទៅ​ទស្សនា​វីដេអូ​ទាំង​អស់​គ្នា។

នៅទីបំផុត លោក Ho-Pin Tung ធ្វើ​វា​បាន​យ៉ាង​ជោគជ័យ ដោយ​ប្រើ​ពេល​ត្រឹមតែ ៩ នាទី និង ៥១ វិនាទី​ប៉ុណ្ណោះ ជាមួយ​នឹង​ការ​រត់​ក្នុង​ល្បឿន​ជា​មធ្យម ៦៨,៨ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង៕

ប្រភព ៖ carscoops

បញ្ចេញមតិ

comments